លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ខេត្តពោធិ៍សាត់ថ្មី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រតិភូអមដំណើរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ជំនួសប្រធានមន្ទីរចាស់ដែលត្រូវបានចូលនិវត្តន៍។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រធានមន្ទីរថ្មី ត្រូវខិតខំបំពេញការងារ និងត្រូវមានសាមគ្គីភាព យុត្តិធម៌ ក្នុងនាមអ្នកដឹកនាំថ្មី ដោយលោកជំទាវបានលើកឡើងថា លោក អ៊ុក រក្សា ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈថ្មី ត្រូវតែប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តការងារថែរក្សា លើកតម្កើង អភិវឌ្ឍន៍ សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិឱ្យបានប្រសើរជានិរន្តរ៍។

ពិធីនេះទទួលបានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងអភិបាលរង ឯកឧត្ដមប្រធានសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៧ សិប្បករ សិល្បករ និងសមាជិកសមាជិកា សរុបចំនួន ២៦០នាក់៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





