រដ្ឋមន្រ្ដីក្រសួងទេសចរណ៍៖ អាស៊ានដាក់ឱ្យប្រើប្រាស់ផែនការទេសចរណ៍អាស៊ាន ឆ្នាំ ២០២៦–២០៣០ ដើម្បីជំរុញកំណើនទេសចរណ៍ប្រកបដោយនិរន្តភាព និងបរិយាបន្ន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងអង្គភាពប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមក្នុងសន្និសទទេសចរណ៍អាស៊ានឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន តំណាងរដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសបូកបី (ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ) ឥណ្ឌា និង រុស្ស៊ី តំណាងអគ្គលេខាធិការដ្ឋានអាស៊ាន តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង សារព័ត៌មានអន្តរជាតិល្បីៗនៅលើពិភពលោក ព្រមទាំងភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូប នៅសេប៊ូ, ប្រទេសហ្វីលីពីន នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

សូមបញ្ជាក់ជូនផងដែរថា សន្និសីទទេសចរណ៍អាស៊ាន គឺជាព្រឹត្តិការណ៍អមរៀបចំឡើង នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការទេសចរណ៍អាស៊ាន ឆ្នាំ ២០២៦-២០៣០ ដែលជាផែនការមេតម្រង់ទិស និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។ ផែនការនេះ បញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ភាពធន់ និងមានសមត្ថភាពប្រកួតប្រជែង ដើម្បីផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមរយៈពេលវែង ស្របតាមផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៦-២០៣០។

ជាមួយគ្នានេះដែរ ដើម្បីសម្រេចនូវគោលបំណងអាស៊ានដែលជាគោលដៅទេសចរណ៍តែមួយនិងមានភាពចម្រុះ ផែនការខាងលើផ្តោតលើចំណុចអាទិភាពសំខាន់ៗ រួមមាន៖ ១) ការអភិវឌ្ឍវិស័យវិស័យទេសចរណ៍ប្រកបដោយភាពធន់, ២) ការពង្រឹងសមត្ថភាពកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍, ៣) ការកែលម្អការតភ្ជាប់និងហេដ្ឋារចនាសម្ព័ន្ធ, ៤) ការជំរុញទេសចរណ៍ឌីជីថល និងការធ្វើពិពិធកម្មផលិតផលនិងទីផ្សារ, និង ៥) ការជំរុញទេសចរណ៍ប្រកប ដោយនិរន្តភាព៕


ដោយ៖ រិទ្ធី ប្រភព៖ ក្រសួងទេសចរណ៍





