អាជ្ញាធរស្រុកឆ្លូង ខេត្ដក្រចេះ និងប្រជាពលរដ្ឋ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និង ការប្រើប្រាស់ App NoDrug
AKP ក្រចេះ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥--ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមការងារ បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំង មេឃុំ មេភូមិ ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅស្រុកឆ្លូង ខេត្ដក្រចេះ។

លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង បានលើកឡើងពីសភាពការណ៍ទូទៅ ការអភិវឌ្ឍ អនាម័យ បរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់ និងការចូលរួមបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងភូមិសាស្ត្រស្រុកឆ្លូង។

ក្នុងឱកាសនោះ ឯកឧត្ដមឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងនូវការកោតសសើរ និងបានលើកយកបញ្ហាផ្សេងៗដែលកើតឡើងក្រោមឥទ្ធិពល គ្រឿងញៀន និងអត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលទំនើប ទាន់សម័យ មានប្រសិទ្ធភាព។

ជាមួយគ្នានេះ អ្នកចូលរួមទាំងអស់មានការសប្បាយរីករាយ ក្រោយទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀនពិសេស App NoDrug ដែលមិនធ្លាប់បានឮពីមុនមក ព្រមទាំងបានប្តេជ្ញាយកចំណេះដឹងដែលទទួលបានក្នុងការចូលរួមនេះ ទៅផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ក្រុមគ្រួសារ មិត្តភក្កិ រួមគ្នា ដើម្បីឆ្ពោះទៅកសាងបាននូវមូលដ្ឋានមួយមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន៕

ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





