ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានៅឃុំដងកាំបិត ស្រុកសណ្តាន់
AKP កំពង់ធំ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥-- ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាសមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្កកំពង់ធំ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីង អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨- ២ ធ្នូ ២០២៥) នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយមានការចូលរួមពីមហាជនយ៉ាងច្រើនកុះករ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងអានសុន្ទរកថារបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាទាំងស្រុង និងបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពុះពារគ្រប់ការលំបាក និងបានដាក់ចេញ ព្រមទាំងការដឹកនាំអនុវត្តនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យនាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយប្រទេសជាតិត្រូវបានការអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ។ ក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាលថ្មីបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងដឹកនាំភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី តាមគ្រប់រូបភាពយ៉ាងស្វាហាប់ ដោយអនុវត្តន៍យុទ្ធសាស្រ្ត "ស្ងាត់តែមិនស្ងៀម" ដើម្បីសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការចងចាំជានិច្ចនូវគុណបំណាច់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាបុព្វការីដ៏មានគុណបំផុតដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីសេចក្ដីស្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកស្រី ឡេវ គុយអា តំណាងសមាជិក សមាជិកានៃអង្គមីទ្ទីងទាំងមូលសូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះខួបអនុស្សាវរីយ៍លើកទី៤៧នៃទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយបានបញ្ជាក់ថាមានថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩។ ហើយមានថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់បែបយ៉ាងនៅថ្ងៃនេះ។យើងចងចាំជានិច្ច ដោយចាត់ទុករណសិរ្ស២ធ្នូ គឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងទាំងអស់គ្នា! ប្តេជ្ញា! រួមរស់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងរណសិរ្ស ដើម្បីបន្តថែរក្សា ការពារសុខសន្តិភាពនិងការអភិវឌ្ឍរបស់សង្គមជាតិ៕
ដោយ ស៊ុម វណ្ណា





