ស៊ីម៉ាក់ និងអង្កការAPOPOចុះMOU អនុវត្តគម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស រយៈពេល១ឆ្នាំនៅខេត្តសៀមរាប និងព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៥--អង្កភាពស៊ីម៉ាក់កម្ពុជា និងអង្កការAPOPO បានចុះអនុស្សារណៈយោគយល់(MOU) អនុវត្តគម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេសរយៈពេល១ ឆ្នាំនៅខេត្តសៀមរាប និងខេត្តព្រះវិហារ។

ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជាបានឲ្យដឹងថានៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ខ្ញុំនិងលោក Michael Raine ប្រធានអង្គការAPOPO ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលេីMoU រវាងអង្គភាពCMAC និងអង្គការAPOPO ដេីម្បីអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាគាំទ្រគម្រោងចំនួន២៨១.៤៩០,៣៥ ដុល្លាអាម៉េរិក សម្រាប់រយៈពេល១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោសសម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ក្នុងខេត្តគោលដៅខេត្តសៀមរាបនិងខេត្តព្រះវិហារ។

ឯកឧត្តមបានលើកលើងថា អង្គភាពCMAC និងអង្គការAPOPO បានចាប់ផ្តើមកិច្ចសហប្រតិបតត្តិការក្នុងភាពជាដៃគូលើគម្រោងបោសសម្អាតមីននេះមានរយៈពេល១២ឆ្នាំមកហើយ លើកម្មវិធីបោសសម្អាតមីនដោយកណ្តុរហិតមីននេះ។

បន្ថែមពីលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា អង្គភាពក៏បានសហការគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទៅឆាកអន្តរជាតិ តាមរយៈការបញ្ចូនសុនខហិតមីនប្រទេសទួកគី និងប្រទេសនៅអាហ្វ្រិចកណ្តាលជាដើម។

ទន្ទឹងនឹងនេះ ក៏បានគាំទ្រមន្ត្រីជំនាញទៅហ្វឹកហ្វឺនដល់បណ្តាប្រទេសទាំងនោះនិងទទួលយកមកហ្វឹកហ្វឺននៅកម្ពុជាផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ





