៥ប្រភេទកីឡាបន្ថែមរបស់កម្ពុជាចេញទៅប្រកួតកីឡាយុវជនអាស៊ី នៅបារ៉ែន
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥--មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ៤២នាក់លើ៥ប្រភេទកីឡារបស់កម្ពុជាបានចាកចេញពីមាតុប្រទេស ឆ្ពោះទៅកាន់ប្រទេសបារ៉ែន ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥។

មន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ប្រភេទកីឡាទាំង៥ មានដូចជា អត្តពលកម្ម តេក្វាន់ដូWT បាល់បោះ៣x៣ គុនចម្រុះ គុនខ្មែរ រួមទាំងមន្ត្រីគណៈប្រតិភូកីឡាកម្ពុជាសរុបចំនួន ៤២នាក់ ដោយមកជួបជុំគ្នា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាធ្វើដំណើររួមគ្នាតាមរថយន្តក្រុងឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល ដើម្បីហោះទៅកាន់ប្រទេសបារ៉ែន។

ចំពោះប្រភេទកីឡាមួយចំនួនទៀត ដូចជាប្រភេទកីឡាវាយកូនឃ្លីលើតុ លើកទម្ងន់ ហែលទឹក វាយសី ចំបាប់ យូដូ ជឺជីតស៊ូនឹងត្រូវចេញដំណើរពីថ្ងៃទី២៣-២៦ ខែតុលា ខណៈក្រុមសិល្បៈកម្ពុជាត្រៀមចេញនៅថ្ងៃទី២៨ ខែតុលាខាងមុខ ដើម្បីចូលរួមសម្តែងក្នុងពិធីបិទជាផ្លូវការ នាថ្ងៃទី៣១ ខែតុលា ដើម្បីទទួលទង់បន្តវេនពីម្ចាស់ផ្ទះ បារ៉ែន ឆ្ពោះមកកម្ពុជាជាម្ចាស់ផ្ទះ នាឆ្នាំ២០២៩។

គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនក្រុមកីឡា ១៤ប្រភេទកីឡាចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីវ័យក្មេងក្រោម១៨ឆ្នាំចូលរួម សរុប១២៨នាក់៕


ដោយ ហេង ណាលីន





