ឯកឧត្តម ខូវ ឆាយ៖ ជម្រើសជាតិយុវជនគុនខ្មែរ៩នាក់ នឹងដណ្តើមបានលទ្ធផលល្អជូនជាតិ ក្នុងកីឡាយុវជនអាស៊ី នៅបារ៉ែន
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥--ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានដាក់ក្តីសង្ឃឹមថា ក្រុមជម្រើសជាតិយុវជនប្រដាល់គុនខ្មែរនឹងដណ្តើមបានលទ្ធផលល្អយកមកជូនជាតិ និងប្រជាជនជាក់ជាមិនខាន នៅក្នុងការប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥។

នេះជាការលើកឡើងរបស់ឯកឧត្តមប្រធាន ក្នុងពិធីសំណេះសំណាលលើកទឹកចិត្ត និងឧបត្ថម្ភថវិកាជូនដល់ជម្រើសជាតិថ្នាល កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅសាលស្តាតចាស់ ដែលត្រូវចូលរួមប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ខូវ ឆាយ លើកឡើងថា ឯកឧត្តមបានផ្តល់ប្រឹក្សា និងចែករំលែកបទពិសោធន៍ដល់ពួកគាត់ សម្រាប់ការធ្វើដំណើរទៅប្រកួតនៅក្រៅប្រទេស ជាពិសេសគឺការលើកទឹកចិត្តដល់ពួកគាត់ឱ្យប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការប្រកួតដើម្បីដណ្តើមឱ្យបាននូវលទ្ធផលល្អជូនជាតិ និងប្រជាជនកម្ពុជា។ នេះជាការប្រកួតកម្រិតយុវជនក្រោមអាយុ១៨ឆ្នាំ ដែលមានជាង៤០ប្រទេសចូលរួម។ ចំពោះកីឡាករថ្នាលកម្ពុជាមានកីឡាករ កីឡាការិនីសរុប៩នាក់ និងគ្រូបង្វឹក២នាក់ បន្ទាប់ពីប្រមូលផ្តុំហ្វឹកហាត់នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទកីឡារយៈពេល ១ខែកន្លះ ដោយសហព័ន្ធបានទម្រុកបម្រុងលើការហូបចុកស្នាក់នៅគ្រប់គ្រាន់ ក្នុងអំឡុងពេលហ្វឹកហាត់ត្រៀមយ៉ាងពេញលេញ ដើម្បីបំពេញបន្ថែមក្រុមជម្រើសជាតិថ្នាលកម្ពុជាឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលព្រឹត្តិការណ៍កម្រិតយុវជនកម្រិតទ្វីបអាស៊ីមាន៤៥ប្រទេស ត្រូវបានរៀបចំឡើងរៀងរាល់៤ឆ្នាំម្តង។

ជាមួយគ្នានេះ ឯកឧត្តម ខូវ ឆាយ បានសង្កត់ធ្ងន់ទៀតថា ក្នុងការវាយតម្លៃគឺថា ក្រុមជម្រើសជាតិថ្នាលប្រដាល់គុនខ្មែរមានក្តីសង្ឃឹមខ្ពស់ ក្នុងការប្រកួតដណ្តើមលទ្ធផលជ័យលាភីយកមកជូនជាតិត្រឡប់មកវិញ។ យ៉ាងណាយើងនឹងពិនិត្យតាមដានការប្រកួតរបស់កីឡាករកម្ពុជាយ៉ាងយកចិត្តទុកដាក់ ពីព្រោះថា ការប្រកួតអន្តរជាតិមួយនេះមានអាជ្ញាកណ្តាលចៅក្រមចូលរួមដឹកនាំកាត់សេចក្តីជាមន្ត្រីអន្តរជាតិមកពីប្រទេសផ្សេងៗ។ ទោះបែបនេះក្តី ក៏ឯកឧត្តម ខូវ ឆាយ ដាក់ក្តីសង្ឃឹមខ្ពស់ថា ក្រុមថ្នាលគុនខ្មែរកម្ពុជានឹងដណ្តើមបានលទ្ធផលល្អខ្លះត្រឡប់មកវិញជាក់ជាមិនខាន។

បន្ថែមពីលើនេះ ប្រធានសហព័ន្ធរូបនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានផ្តល់ឱកាសដល់ក្រុមយុវជនគុនខ្មែរបានចូលរួមប្រកួតប្រជែងលើកស្ទួយកិត្តិយស កិត្យានុភាពជាតិកម្ពុជាលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា នេះជា១ប្រភេទកីឡា ក្នុងចំណោម១៣ប្រភេទកីឡារបស់កម្ពុជា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីវ័យក្មេងសរុប ១២៨នាក់ ដែលកំពុងចេញដំណើរជាបន្តបន្ទាប់ពីមាតុប្រទេស ទៅកាន់ប្រទេសបារ៉ែន ដែលជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥៕
ដោយ ហេង ណាលីន





