ក្រុមខេត្តកំពត ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺឈ្នះគូប្រជែងដូចៗគ្នា ពានសម្តេចតេជោ ថ្នាក់ខេត្ត
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥--ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត សប្តាហ៍ទី១១បានបញ្ចប់៣ប្រកួតបន្ថែម ដោយ៣ក្រុម គឺក្រុមមន្ទីរអប់រំខេត្តកំពត ក្រុមខេត្តកណ្តាល និងក្រុមមន្ទីរអប់រំខេត្តកំពង់ស្ពឺសុទ្ធតែប្រជែងបាន៣ពិន្ទុដូចៗគ្នា ក្រោយឈ្នះលើគូប្រកួតដូចៗគ្នា កាលពីល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។

៣ប្រកួតនេះនៃវគ្គសន្សំពិន្ទុក្នុងពីរពូលផ្សេងពីគ្នានេះ រួមមាន៖ ក្រុមមន្ទីរអប់រំខេត្តកំពតបានយកឈ្នះក្រុមខេត្តព្រះសីហនុ ៤-៣ ក្នុងពូល-ក។ រីឯ២ប្រកួតក្នុងពូល-ខ ក្រុមខេត្តកណ្តាលបានយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ៦-២ ខណៈក្រុមមន្ទីរអប់រំខេត្តកំពង់ស្ពឺបានយកឈ្នះក្រុមភ្នំដាមមហានគរខេត្តតាកែវ ដោយលទ្ធផលបច្ចេកទេស ៩-២។ ក្នុងពូល-ក ឆ្លងកាត់៤ប្រកួតដូចគ្នា ក្រុមមន្ទីរអប់រំខេត្តកំពត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ ឡើងមកឈរនៅចំណាត់ថ្នាក់លេខ១វិញ ខណៈខេត្តព្រះសីហនុ ធ្លាក់មកឈរនៅលេខ២វិញ ក្រោយឈ្នះ២ ស្មើ១ និងចាញ់១ មាន៧ពិន្ទុ។

ចំពោះតារាងចំណាត់ថ្នាក់ក្នុងពូល-ខ ក្រោយឆ្លងកាត់៦ប្រកួតដូចៗគ្នា រួមមាន៖ ក្រុមភ្នំពេញហ្គាឡាក់ស៊ី បន្តឈរលេខ១ ដដែល ក្រោយឆ្លងកាត់៦ប្រកួត ឈ្នះ៤ ស្មើ១ និងចាញ់១ មាន១៣ពិន្ទុ។ ក្រុមមន្ទីរអប់រំខេត្តកំពង់ស្ពឺ ឈរលេខ២ដដែល ក្រោយឈ្នះ៣ ស្មើ២ និងចាញ់១ មាន១១ពិន្ទុ ខណៈក្រុមខេត្តកណ្តាល ឈ្នះ៣ ស្មើ១ និងចាញ់២ មាន១០ពិន្ទុ ឈរលេខ៣ ស្របពេលដែលក្រុមភ្នំដាមមហានគរខេត្តតាកែវ ចាញ់ទាំង៦ប្រកួត។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចែកចេញជាពីរថ្នាក់ គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ ដោយការប្រកួតថ្នាក់ខេត្ត រដូវកាល ២០២៥-២០២៦នេះមានក្រុមតំណាងរាជធានី-ខេត្តចូលរួមប្រកួតប្រជែងសរុប១៩ក្រុម ហើយក្រុមជ័យលាភីថ្នាក់ខេត្តនឹងត្រូវឡើងទៅប្រកួតបន្តនៅថ្នាក់ជាតិជាមួយ១១ក្រុម ដែលកំពុងឈរជើងក្នុងក្របខណ្ឌខេមបូឌានព្រីមៀរលីគ ឬហៅថាលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦៕

ដោយ ហេង ណាលីន (រូបភាព៖ Hun Sen Cup)





