វគ្គគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិកលើកកម្ពស់ការយល់ដឹងបន្ថែម អំពីបញ្ហាពិការភាព និងបច្ចេកទេសកីឡាជនខ្សោយសតិបញ្ញា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥--វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាមានគោលបំណងចម្បង ក្នុងការលើកកម្ពស់ដល់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហាពិការភាព និងបច្ចេកទេសកីឡាជនខ្សោយសតិបញ្ញា។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ហឿង សុផុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិកខេត្តប៉ៃលិន ដែលរៀបចំដោយប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជាសហការជាមួយអនុគណៈកម្មាធិកាស្ប៉េស្យាល់អូឡាំពិកខេត្តប៉ៃលិន ដោយមានការចូលរួមពីឯកឧត្តម ងួន លីណា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិកាស្ប៉េស្យាល់អូឡាំពិកខេត្តប៉ៃលិន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ហឿង សុផុន លើកឡើងថា ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងសំខាន់ៗ ដូចជាផ្តល់ចំណេះដឹងអំពីលក្ខណៈសម្បត្តិជនមានពិការភាពបញ្ញាខ្សោយ និងវិញ្ញាសាកីឡា ដែលពួកគាត់អាចលេងបាន និងវិញ្ញាសាដែលត្រូវហាមឃាត់ភាពខុសគ្នារវាង កីឡាអូឡាំពិក កីឡាប៉ារ៉ាឡាំពិក និងកីឡាស្ប៉េស្យាល់អូឡាំពិក ដែលសិក្ខាកាមអាចយកទៅអនុវត្តក្នុងការហ្វឹកហាត់នៅតាមអង្គភាពមូលដ្ឋានរបស់ពួកគាត់។ មិនតែប៉ុណ្ណោះយើងមាន កម្មវិធីផ្សេងៗ ជាច្រើនទៀតដូចជា វេទិកាអាណាព្យាបាលសុខភាពសហគមន៍ ត្រួតពិនិត្យសុខភាពកីឡាករ កីឡាការិនី និងការហ្វឹកហាត់ផ្សេងៗរួមបញ្ចូលគ្នា ដើម្បីបំពេញតម្រូវការ ក្នុងសហគមន៍របស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងនាមឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា ឯកឧត្តម ហឿង សុផុន បានកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិកាជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងអនុគណកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តប៉ៃលិន ព្រមទាំងក្រុមការងារទាំងអស់បានយកចិត្តទុកដាក់ក្នុងការរៀបចំកម្មវិធីនេះឡើង។ សកម្មភាពទាំងនេះសរបញ្ជាក់ពីការរួមចំណែកក្នុងការអភិវឌ្ឍចលនាកីឡាស្ប៉េស្យាល់អូឡាំពិក ដើម្បីលើកកម្ពស់សុខុមាលភាពជនពិការតាមរយៈការលេងកីឡា និងការយល់ដឹងអំពីបញ្ហាសុខភាពផ្សេងៗ។

ឯកឧត្តមអនុប្រធានបន្ថែមថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាជាអង្គការមិនរកប្រាក់កម្រៃ មានការទទួលខុសត្រូវក្នុងការអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានយកចិត្តទុដាក់ជួយជនពិការខ្សោយសតិបញ្ញាឱ្យទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមសកម្មភាពសង្គមតាមរយៈវិស័យកីឡា ដែលធ្វើឱ្យពួកគាត់ទទួលបាននូវសុខុមាលភាព និងមានភាពក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌ថ្លៃថ្នូរ និងភាពរាក់ទាក់ពីសំណាក់អាណាព្យាបាល និងជៀសផុតពីការរើសអើងផ្សេងៗនៅក្នុងសង្គម។
ជាមួយគ្នានេះ លោក ឃ្លាំង ចន្ទូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានជម្រាបជូនថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាសហការជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តប៉ៃលិនបានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិកដល់សិក្ខាកាម ២៧នាក់ ពីថ្ងៃទី០៦-០៧ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកតាមបណ្តាខេត្ត ដើម្បីងាយស្រួលក្នុងការជ្រើសរើសកីឡាករ កីឡាការិនី ពិការខ្សោយសតិបញ្ញាមកហ្វឹកហាត់ ដែលជាការផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមសកម្មភាពកីឡាទាំងថ្នាក់ខេត្ត ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ៕
ដោយ ហេង ណាលីន





