ជើងឯកថ្នាក់ជាតិសូហ្វតិន្នីសបើកយុទ្ធនាការស្វែងរកធនធានឆ្នើមៗប្រចាំឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥--សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានបើកយុទ្ធនាការស្វែងរកធនធានឆ្នើមៗប្រចាំឆ្នាំ តាមរយៈការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ និងកម្រិតបច្ចេកទេសខ្ពស់បំផុតក្នុងកម្រិតថ្នាក់ជាតិ រយៈពេល៥ថ្ងៃ លើ១១វិញ្ញាសា។

លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរង សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានគូសបញ្ជាក់ថា ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងទទួលបានថរិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំដំណើរការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៩ ឆ្នាំ២០២៥ ចាប់ថ្ងៃទី០៦-១០ខែតុលា ឆ្នាំ២០២៥ នៅទីលានកីឡាសូហ្វតិន្នីសនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

អគ្គលេខាធិការរងរូបនេះបន្ថែមថា ការប្រកួតនេះចែកចេញជា ១១វិញ្ញាសា រួមមាន៖ វិញ្ញាសាវាយឯកត្តជនបុរស វាយឯកត្តជននារី វាយគូបុរស អក្សរ-កវាយគូបុរស អក្សរ-ខ វាយគូនារី វាយគូចម្រុះបុរស-នារី ឯកត្តជនយុវជន ឯកត្តជនយុវនារីក្រុមបុរស ក្រុមនារី និងក្រុមចម្រុះបុរស-នារី។ ក្នុងនោះក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ចូលរួមសរុបចំនួន០៥ ដូចជា៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបប្រតិភូ គ្រួបង្វឹកចំនួន ៩១នាក់។

ជាមួយគ្នានេះ លោក យី សារិន ប្រធានបច្ចេកទេសរៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតឆ្នាំនេះកាន់តែល្អប្រសើជាងមុនៗ ដោយសារតែហព័ន្ធបានរៀបចំការងារយ៉ាងល្អប្រសើរ និងបានបន្ថែមការងារវិញ្ញាសាមួយចំនួន ជាពិសេសគឺផ្តោតសំខាន់លើការរៀបចំឱ្យកាន់មានគុណភាពជាមួយនឹងការសម្រិតសម្រាំងរកម្ចាស់ជ័យលាភី។

គួរបញ្ជាក់ថា ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី០៩ ឆ្នាំ២០២៥ត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសមត្ថភាព និងបច្ចេកទេសខ្ពស់ សម្រាប់ប្រមូលផ្តុំហ្វឹកហាត់ត្រៀមទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា ជាពិសេសបណ្តុះបណ្តាលធនធានថ្នាលបន្តវេនឱ្យបានច្រើន និងប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍកីឡាសូហ្វតិន្នីសនាពេលអនាគត៕
ដោយ ហេង ណាលីន





