អគ្គនាយកកីឡា៖ ជើងឯកអត្តពលកម្ម ជាឱកាសលើកកម្ពស់ស្មារតី និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីផ្តោតលើយុវជន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥--ការរៀបចំការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ស្មារតី និងបច្ចេកទេសរបស់កីឡាករ កីឡាការិនីអត្តពលកម្ម ដោយផ្តោតលើយុវជន សំដៅជំរុញឱ្យសមាគមក្រសួងមន្ទីរ និងក្លឹបកីឡាអត្តពលកម្ម ដែលជាសមាជិកទាំងអស់មានឱកាសចូលរួមដកស្រង់បទពិសោធន៍ បំផុសការផ្សព្វផ្សាយ និងប្រកួតបង្កើនគុណផលបច្ចេកទេសឱ្យបានល្អប្រសើរ ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអត្តពលកម្មថ្នាក់តំបន់ និងពិភពលោកនាឆ្នាំបន្ទាប់ៗ។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡាថ្លែងក្នុងឱកាសបិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡាអត្តពលកម្ម ជើងឯកថ្នាក់ជាតិ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តមអគ្គនាយកកីឡាបន្ថែមថា ការប្រកួតនេះត្រៀមចូលរួមការប្រកួតកីឡាសិស្ស និស្សិត អាស៊ាន ការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្ដៅពិភពលោក ការប្រកួតជ្រើសរើសជើងឯកបើកទូលាយ និងការប្រកួតកីឡាអត្តពលកម្មជ្រើសរើស ជើងឯកថ្នាក់តំបន់ និងពិភពលោកនានា ពិសេសគឺបង្កើនគុណផលបច្ចេកទេសសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ និងការប្រកួតកីឡាអាស៊ីនា ឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

លើសពីនេះទៀត ឯកឧត្តម ប៉ុន សុខ បានឱ្យដឹងទៀតថា កីឡាអត្តពលកម្ម គឺជាប្រភេទកីឡាអាទិភាពមួយ មានវិញ្ញាសាច្រើនក្នុងការផ្តល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនីអាចមានជម្រើសចាប់យកវិញ្ញាសាណាមួយទៅតាម ទេពកោសល្យដែលខ្លួនមាន និងស្រឡាញ់ចូលចិត្ត ដើម្បីហាត់ហ្វឹកហ្វឺនទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានមេដាយច្រើន បើប្រៀបធៀបទៅនឹងប្រភេទកីឡាផ្សេងៗទៀត។

អគ្គនាយកកីឡាសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការកែទម្រង់ស៊ីជម្រៅការប្រកួតកីឡាគ្រប់ប្រភេទ និងបានធ្វើវិមជ្ឈការថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិ ដើម្បីរួមចំណែកក្នុងការពង្រឹងការងាររដ្ឋបាល បណ្តុះបណ្តាលធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធកីឡា និងបានកែទម្រង់ការប្រកួតកីឡាថ្នាក់ជាតិនានា ទៅជាទម្រង់ហ្គេម។

ជាមួយគ្នានេះ លោក បូរ ពុធរាត្រី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានជម្រាបជូនថា ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ត្រូវបានរៀបចំឡើងដោយសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត ដោយប្រើប្រាស់កញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលរៀបចំពីថ្ងៃទី០២-០៥ ខែតុលា ឆ្នាំ២០២៥។ ចំពោះជ័យលាភីចំណាត់ថ្នាក់កំពូលៗទាំង៥ខាងលើ រួមមាន៖ ក្រសួងការពារជាតិ ឈរលេខ១ (មាស ១៣ ប្រាក់ ៦ សំរឹទ្ធ ២) ខេត្តកំពង់ធំ ឈរលេខ២ មេដាយមាស ២ ប្រាក់ចំនួន ៣ សំរឹទ្ធ ១) ក្រសួងមហាផ្ទៃ ឈរលេខ៣ (មេដាមាស ២ ប្រាក់ ២ សំរឹទ្ធ ៣) ខេត្តពោធិ៍សាត់ ឈរលេខ៤ (មេដាយមាស ២ ប្រាក់ ២) ខណៈខេត្តស្ទឹងត្រែង ឈរលេខ៥ (មេដាមាស២ ប្រាក់ ២ គ្រឿង)៕
ដោយ ហេង ណាលីន





