កិច្ចពិភាក្សាអំពីការងារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងសក្ដានុពលរបស់វាសម្រាប់ការអភិវឌ្ឍវិស័យអប់រំ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Benjamin Chiang ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានជួបពិភាក្សាអំពីការងារ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងសក្ដានុពលរបស់វាសម្រាប់ការអភិវឌ្ឍវិស័យអប់រំ និងសេដ្ឋកិច្ចសង្គម ដែលជាឱកាសណែនាំវាគ្មិនសំខាន់គឺលោក Oscar Garcia ដែលជាអ្នកជំនាញផ្នែក AI ដ៏ល្បីល្បាញមកពី Silicon Valley សហរដ្ឋអាមេរិក ដើម្បីចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការដាក់បញ្ចូល AI សម្រាប់កម្មវិធីសិក្សាឱ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស និងការបង្រៀនបែបឌីជីថល។

ក្នុងឱកាសនៃកិច្ចពិភាក្សានៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកឡើងពីសកម្មភាពថ្មីៗរបស់ស្ថានទូតអាមេរិកពាក់ព័ន្ធនឹងវិស័យអប់រំ ជាពិសេសការរៀបចំពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ នៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលឃើញថា មានសិស្សនិស្សិតកម្ពុជាជាច្រើនចាប់អារម្មណ៍លើការសិក្សានៅសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះឯកឧត្តមបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំផ្ដោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយយកឱកាសនេះដើម្បីស្វែងយល់បន្ថែមអំពីបទពិសោធន៍ កាលានុវត្តភាព ការប្រឈម និងទស្សនៈវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រើប្រាស់ AI នៅក្នុងវិស័យអប់រំ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏ប្រសើររបស់ស្ថានទូតសហរដ្ឋអាមេរិក ក្នុងកិច្ចសហប្រតិបត្តិការនានាក្នុងពេលខាងមុខ ព្រមទាំងបានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានមើលឃើញ និងទទួលស្គាល់ទាំងសក្តានុពល និងបញ្ហាប្រឈមនៃបច្ចេកវិទ្យា AI ក្នុងការកែទម្រង់វិស័យអប់រំ និងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមបានគូសបញ្ជាក់ថា AI អាចមានសមត្ថភាពយ៉ាងសំខាន់ក្នុងការបង្កើតកម្មវិធីសិក្សាផ្ទាល់ខ្លួន (Personalized Learning) សម្រាប់សិស្សម្នាក់ៗ ជួយគ្រូបង្រៀនក្នុងការរៀបចំកិច្ចតែងការបង្រៀនប្រកបដោយភាពច្នៃប្រឌិត និងផ្តល់លទ្ធភាពឱ្យសិស្សទទួលបានធន ធានចំណេះដឹងថ្មីៗទាន់សម័យពីជុំវិញពិភពលោក ប៉ុន្តែក្រសួងក៏បានមើលឃើញពីបញ្ហាប្រឈមមួយចំនួនផងដែរដូចជាការធានាឱ្យមានការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ ហានិភ័យនៃការបាត់ បង់ជំនាញគិតពិចារណាស៊ីជម្រៅរបស់សិស្ស ឬសមត្ថភាពក្នុងការសរសេរជាដើម ដោយក្រសួងបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ តាមរយៈការបណ្តុះបណ្តាលគ្រូបង្រៀនជំនាន់ថ្មីឱ្យយល់ច្បាស់អំពី AI និងបង្កើតក្រុមការងារជំនាញដើម្បីផ្តល់ការគាំទ្រដល់គ្រូបង្រៀនជាដើម។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការនានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនាពេលកន្លងមក ក៏ដូចជាការចែករំលែកបទពិសោធន៍ចំណេះដឹងដ៏មានសារៈសំខាន់ពីសំណាក់លោក Oscar Garcia ដោយបានបញ្ជាក់ថា ជំនួបនេះគឺជាការចាប់ផ្ដើមដ៏ល្អមួយសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រលើបច្ចេកវិទ្យា AI ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត និងជាគន្លឹះដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាពអប់រំ និងធនធានមនុស្សសម្រាប់យុគសម័យឌីជីថល៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





