អភិបាលខេត្តបន្ទាយមានជ័យជួបសំណេះសំណាល និងលើកទឹកចិត្តកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល
AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦--ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារថ្នាក់ខេត្តបានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងភេសជ្ជៈមួយចំនួន ឧបត្ថម្ភដល់កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីជាការលើកទឹកចិត្តដល់ការបំពេញភារកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ។
ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្ដម អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹកបំផុតពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ និងផ្ដល់តម្លៃខ្ពស់បំផុតចំពោះការលះបង់ កម្លាំងកាយចិត្តរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅគ្រប់ទិសទីទូទាំងប្រទេស ជាពិសេសកងកម្លាំងដែលឈរជើងនៅតាមតំបន់ព្រំដែន។ 
ឯកឧត្ដម អ៊ុ រាត្រី ក៏បានថ្លែងការកោតសរសើរដោយស្មោះចំពោះបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ធ្វើឱ្យក្រុងប៉ោយប៉ែតមានស្ថិរភាព និងភាពកក់ក្ដៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាធុរកិច្ចជន។
ទន្ទឹមនឹងការកោតសរសើរនេះ ឯកឧត្ដមបានផ្ដាំផ្ញើ និងក្រើនរម្លឹកដល់កងកម្លាំងទាំងអស់ថា សូមបន្តស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីបង្កើនជំនឿទុកចិត្ត និងភាពសុខសាន្តក្នុងសង្គម»។
ជាការឆ្លើយតប លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុងប៉ោយប៉ែត តំណាងឱ្យកម្លាំងទាំងអស់បានសម្ដែងនូវសេចក្ដីត្រេកអរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមអភិបាលខេត្ត និងក្រុមការងារ ដែលតែងតែនៅក្បែរ និងជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងគ្រប់កាលៈទេសៈ។ លោកមេបញ្ជាការ ក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធិ និងទេវតាឆ្នាំថ្មី សូមប្រសិទ្ធពរជ័យជូនដល់ ឯកឧត្ដម និងក្រុមការងារ ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ 
សូមបញ្ជាក់ថា អំណោយដែលបាននាំយកមកឧបត្ថម្ភនាពេលនេះរួមមាន៖ អង្ករចំនួន ៤០ បេ (ស្មើនឹង ១ តោន),មី ចំនួន ២០ កេស,ទឹកស៊ីអ៉ីវ ១០ យួរ និង ទឹកត្រី ១០ យួរ, សៀង ០៣ កេស និង ត្រីខ ០៣ កេស,នំកញ្ចប់ ០៥ កេស, ភេសជ្ជៈប៉ូវកម្លាំង ១៥ កេសនិង ជ្រូក ចំនួន ០១ ក្បាល។
សកម្មភាពនេះមិនត្រឹមតែជាការចែករំលែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីសាមគ្គីភាពដ៏រឹងមាំរវាងរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធ ក្នុងការរួមគ្នាអភិវឌ្ឍ និងការពារទឹកដីខេត្តបន្ទាយមានជ័យ ឱ្យកាន់តែរីកចម្រើនប្រកបដោយភាពសុខសាន្ត៕
ដោយ ឈុន សារ៉ាត





