រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយព័ត៌មានឱកាសការងារ ជូនបងប្អូនពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃ
AKP កណ្ដាល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥--ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធ ត្រូវជំរុញដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ត្រូវមានការងារធ្វើឱ្យបានគ្រប់គ្នា ពិសេសការចុះបញ្ជីធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋានជាដើមជូនពួកគាត់ ពិសេសកូនចៅរបស់ពួកគាត់បានចូលរៀនឱ្យបានគ្រប់គ្នា និងអ្វីដែលត្រូវយកចិត្តទុកដាក់គឺស្រង់ស្ថិតិបងប្អូនពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ។ ឯកឧត្តមមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយព័ត៌មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សេង សក្កា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហោ សុខណាក់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្តាល។

ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍បន្ថែមថា ការជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវស្រង់ស្ថិតិឡើងវិញឱ្យបានច្បាស់នូវបងប្អូនដែលជាពលករទើបនឹងវិលត្រឡប់មកពីប្រទេសថៃ គឺដើម្បីងាយស្រួលជួយដល់ពួកគាត់ក្នុងការស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលរបស់យើង។ បន្ទាប់ពីមានការបង្កអរិភាព និងឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ទាហានសៀម បងប្អូនចំណាកស្រុកបានវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ។ ការវិលត្រឡប់នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ បានត្រៀមរួចជាស្រេចក្នុងផ្តល់ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ក៏ដូចជាផ្តល់ការងារជូនពួកគាត់។ ខេត្តកណ្តាលមានបងប្អូនពលករបានវិលត្រឡប់មកស្រុកវិញប្រមាណ ២ ៦៦៨នាក់។ ប៉ុន្តែបញ្ហានៅត្រង់ថា ក្នុងចំណោមអ្នកវិលមកវិញនេះ មានអ្នកមកចុះឈ្មោះរកការងារធ្វើតែជាង ១ពាន់នាក់ប៉ុណ្ណោះ។ ដូច្នេះយើងត្រូវស្រង់ស្ថិតិពួកគាត់អោយបានច្បាស់ ដើម្បីដឹងថាពួកគាត់ដែលមកវិញ គាត់ធ្វើអ្វី នៅទីកន្លែងណា។

សូមបញ្ជាក់ថា ពាក់ព័ន្ធអ្នកចំណាកស្រុកដែលវិលត្រលប់មកវិញនេះ តាមការឱ្យដឹងពីអាជ្ញាធរស្រុកនានា មួយចំនួនបានចេញពីមូលដ្ឋានដើម្បីស្វែងរកការងារធ្វើដោយខ្លួនឯង ទៅរស់នៅជាមួយក្រុមគ្រួសារនៅខេត្តផ្សេង រីឯពួកគាត់មួយចំនួនក៏បានរស់នៅបង្កបង្កើនផល នៅក្នុងភូមិរបស់ពួកគាត់ ដែលអាចជាមូលហេតុធ្វើឱ្យអ្នកស្វែងរកការងារធ្វើមានចំនួនតិច។បើទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្តនៅតែជំរុញឱ្យមានការចុះធ្វើសម្រង់ស្ថិតិនេះឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការជួយពួកគាត់ឲ្យចំគោលដៅ ហើយវាក៏ជាផ្នែកមួយក្នុងការជួយដល់រាជរដ្ឋាភិបាលអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ប្រទេសដទៃ ជាពិសេសប្រទេសថៃ។

បើតាមរបាយការណ៍របស់មន្ទីរការងាររដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា បច្ចុប្បន្នខេត្តកណ្តាល មានសហគ្រាស គ្រឹះស្ថានចំនួន ២ ០៣១ ដែលមានកម្មករនិយោជិតសរុបចំនួន ២១៥ ៤៧២ នាក់ ស្រី ១៤៣ ០៦៧នាក់។ ក្នុងនោះវិស័យផលិតកម្មវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ផលិតផល ធ្វើដំណើរ និងផលិតផលធ្វើពីស្បែកសត្វ មានចំនួន ២៨៣ មានកម្មករនិយោជិតសរុបចំនួន ១៧៧ ៧៥៦ នាក់ ស្រី ១២៧ ៤២៥នាក់។ ក្នុងនោះពលករដែលបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកខេត្តកណ្តាលវិញមានចំនួន ២៦៦៨នាក់ ស្រី ១២ ៧៥នាក់ និងមានកុមារនៅក្នុងបន្ទុក គ្រួសារមានអាយុក្រោម១៨ឆ្នាំ ចំនួន ៣ ៧៧នាក់ ស្រី ១ ៩៤នាក់។ក្នុងចំណោមប្រជាពលរដ្ឋទាំង ២ ៦៦៨នាក់នៅក្នុងខេត្តកណ្តាល ដែលបានវិលត្រឡប់មកពីប្រទេសថៃ មានពលករចំនួន ១ ៣៩៨នាក់ ស្រី ៦៤៤នាក់ បានទទួលការងារធ្វើ ក្នុងនោះក៏មានពលករដែរវិលត្រឡប់មកពីប្រទេសថៃនៅក្នុងខេត្តកណ្តាល មិនទាន់មានការងារធ្វើមានចំនួន ៨៩៣នាក់ ស្រី ៤៣៧នាក់៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





