សម្ដេចតេជោ ហ៊ុន សែន៖ មិនថា ឯកឧត្តម ថាក់ស៊ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥--
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា មិនថា ឯកឧត្តម ថាក់ស៊ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ ហើយពេលឯកឧត្តម ថាក់ស៊ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។ ការថ្លែងបញ្ជាក់របស់សម្ដេចតេជោបែបនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ខ្ញុំទើបឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ស៊ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះខ្ញុំ និងឯកឧត្តម ថាក់ស៊ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ ឯកឧត្តម ថាក់ស៊ីន ផងដែរ។»
ជាមួយគ្នានេះសម្ដេចតេជោបានលើកឡើងផងដែរថា៖ «ខ្ញុំគួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ស៊ីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ»។
សម្ដេចតេជោបានបន្ថែមថា ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា សម្ដេចក៏ស្នើសុំឱ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឱ្យអាជ្ញាធរថៃដោះស្រាយ៕

ដោយ៖ ប៊ុនរិទ្ធ





