ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយប្រទេសហូឡង់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ -- អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) កាលពីថ្ងៃព្រហស្បតិ៍ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក រ៉ូប ជេតទេន (Rob Jetten) ហើយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយប្រទេសហូឡង់ក្នុងវិស័យបច្ចេកវិទ្យាទំនើប។
អ្នកនាំពាក្យប្រធានាធិបតី លោកស្រី កាង យូ-ជុង (Kang Yu-jung)បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា នេះគឺជាការជជែកតាមទូរស័ព្ទលើកដំបូងរវាងមេដឹកនាំទាំងពីរបន្ទាប់ពីលោក ជេតទេន ចូលកាន់តំណែងកាលពីខែកុម្ភៈ។
លោកស្រីបាននិយាយថា «ក្រៅពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងវិស័យសឺមីកុងដុកទ័រ លោក (លី) បានបង្ហាញពីចេតនារបស់លោកក្នុងការស្វែងរកវិធានការដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា»។
យោងតាមលោកស្រី កាង បានឱ្យដឹងថា លោក ជេតទេន បានសម្តែងក្តីសង្ឃឹមសម្រាប់ប្រទេសទាំងពីរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជាអាគុយ និងថាមពលខ្យល់ជាដើម ខណៈដែលរក្សាកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងវិស័យសឺមីកុងដុកទ័រ។
លោកស្រីបានបន្ថែមថា មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នារក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធផងដែរ ដោយលើកឡើងពីភាពមិនប្រាកដប្រជាកាន់តែធ្ងន់ធ្ងរឡើងនៃសកលលោកដោយសារតែស្ថានភាពនៅមជ្ឈិមបូព៌ា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





