ប្រធានាធិបតីកូរ៉េខាងត្បូង៖ ស្ថេរភាពតម្លៃទំនិញប្រើប្រាស់ជាអាទិភាពចម្បង ចំពេលដែលមានភាពមិនប្រាកដប្រជាជុំវិញសង្គ្រាមនៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើឱ្យតម្លៃទំនិញប្រើប្រាស់មានស្ថេរភាព ដោយហៅវាថាជាអាទិភាពចម្បងសម្រាប់រដ្ឋាភិបាលរបស់លោក ក្នុងចំណោមភាពមិនប្រាកដប្រជាដែលកើតចេញពីសង្គ្រាមដ៏អូសបន្លាយនៅមជ្ឈិមបូព៌ា។
ការកត់សម្គាល់របស់លោកបានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានរាយការណ៍ពីការកើនឡើង ២,៦% នៃតម្លៃទំនិញប្រើប្រាស់ពីមួយឆ្នាំមុនកាលពីក្នុងខែមេសា ដែលជាការកើនឡើងលឿនបំផុតក្នុងរយៈពេល២១ខែចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤។
លោកប្រធានាធិបតីបាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយជំនួយការប្រធានាធិបតីជាន់ខ្ពស់នៅការិយាល័យឈឹងវ៉ាដេថា «ដោយសារអស្ថិរភាពនៃតម្លៃប្រេងអន្តរជាតិនៅតែបន្ត សម្ពាធកើនឡើងលើតម្លៃទំនិញប្រើប្រាស់កំពុងកើនឡើង។ ភាពមិនប្រាកដប្រជាជុំវិញកិច្ចចរចាដើម្បីបញ្ចប់សង្គ្រាមបានជំរុញឱ្យផលិតផលប្រេងឥន្ធនៈកើនឡើង ២០% ដែលបង្កើនល្បឿនកំណើនតម្លៃទំនិញប្រើប្រាស់កាលពីក្នុងខែមេសា»។
លោក លី បានបន្ថែមថា «សម្រាប់ពេលនេះ អាទិភាពចម្បងគួរតែជាការធ្វើឱ្យតម្លៃមានស្ថេរភាព ខណៈដែលធនធានដែលមានទាំងអស់គួរតែត្រូវបានកៀរគរដើម្បីគ្រប់គ្រងបណ្តាញផ្គត់ផ្គង់សម្រាប់ប្រេងឆៅ និងវត្ថុធាតុដើមសំខាន់ៗ»។
លោកបានព្រមានថា ការកើនឡើងតម្លៃជាបន្តបន្ទាប់នឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែតានតឹង និងរារាំងនិន្នាការងើបឡើងវិញនៃសេដ្ឋកិច្ច។
លោក លី បាននិយាយថា «អនាគតនៃសេដ្ឋកិច្ចរបស់យើងនឹងអាស្រ័យលើរបៀបដែលយើងយកឈ្នះលើវិបត្តិនេះ បើទោះបីជាវាមិនអាចដឹងថាសង្គ្រាមនឹងបន្តរយៈពេលប៉ុន្មានទៀតក៏ដោយ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





