ស្វីសត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ -- លោកស្រី មេឡានី ហ្គូជែលមែនន៍ (Melanie Gugelmann) អ្នកនាំពាក្យក្រសួងការបរទេសស្វីសបានប្រាប់ទីភ្នាក់ងារសារព័ត៌មានតាសស៍ (TASS) ថា ប្រទេសស្វីសបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សា ស្តីពីការដោះស្រាយជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
លោកស្រីបាននិយាយថា «ប្រទេសស្វីសតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជូននូវសេវាកម្មល្អរបស់ខ្លួន» នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយទៅលើរបាយការណ៍ដែលថា ទីក្រុងហ្សឺណែវជាទីកន្លែងដ៏មានសក្តានុពលសម្រាប់កិច្ចចរចា។
លោកស្រី ហ្គូជែលមែនន៍ បានបន្ថែមថា ប្រទេសស្វីសមានឆន្ទៈគាំទ្រគំនិតផ្តួចផ្តើមការទូតណាមួយដែលមានគោលបំណងសម្រួលដល់សន្តិភាព។ លោកស្រីបានសង្កត់ធ្ងន់ថា «ក្រសួងការបរទេសរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធ»។
គេហទំព័រសារព័ត៌មាន Axios បានរាយការណ៍ពីមុនដោយដកស្រង់ប្រភពព័ត៌មានរបស់ខ្លួនថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ខិតជិតដល់ការចុះហត្ថលេខាលើអនុស្សរណៈមួយទំព័រដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ។ យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា កិច្ចពិភាក្សាអំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងអាចធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ ឬទីក្រុងហ្សឺណែវ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





