ប្រតិភូនិស្សិតគិលានុប្បដ្ឋាក និងឆ្មបសាលាពេទ្យកាកបាទក្រហមជប៉ុន មកទស្សនកិច្ចកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥--និស្សិតគិលានុប្បដ្ឋាក និងឆ្មបសាលាពេទ្យកាកបាទក្រហមជប៉ុនចំនួន៨រូប ដឹកនាំដោយលោកស្រី អិមី តាហារ៉ា សាសាហ្គាវ៉ា (Madam Emi TAHARA SASAGAWA) សាស្ត្រាចារ្យជំនួយនៃមហាវិទ្យាល័យពេទ្យកាកបាទក្រហមជប៉ុន បានអញ្ជើញមកទស្សនកិច្ចសិក្សារនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយប្រតិភូនិស្សិតពេទ្យកាកបាទក្រហមជប៉ុន ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ហើយនេះជាដំណើរទស្សនកិច្ចលើកទី១៩ ចាប់តាំងពីឆ្នាំ២០០៦ មក។
ឯកឧត្តមបានមានប្រសាសន៍ជម្រាបជូនប្រតិភូអំពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ទៅតាមវិស័យអាទិភាពទាំង៤ ក្នុងការឆ្លើយតបគ្រោះមហន្តរាយ ការអប់រំសុខភាពតាមសហគមន៍ វិជ្ជាសង្គ្រោះបឋម និងអនាម័យទឹកស្អាត ពិសេសផ្តោតលើការចូលរួមអប់រំផ្សព្វផ្សាយដើម្បីឱ្យសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។

ឯកឧត្តមបានបញ្ជាក់ពីតួនាទីនិងភាពជាអ្នកដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឋានៈជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។ កាកបាទក្រហមកម្ពុជា មិនមានគ្លីនិកឬមន្ទីរពេទ្យ ដូចកាកបាទក្រហមជប៉ុននោះទេ ប៉ុន្តែចំណុចសំខាន់ដែលកាកបាទក្រហមកម្ពុជាមាន គឺសហការជាមួយភាគីពាក់ព័ន្ធ ធ្វើការចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ហើយសកម្មភាពជាចម្បងគឺការងារអប់រំសុខភាព។ ក្រៅពីនេះនៅក្នុងការងារផ្សេងៗ គឺយើងជួយដល់ស្ត្រីដែលទទួលរងគ្រោះក្នុងពេលទឹកជំនន់ ក៏ដូចជាទទួលរងគ្រោះដោយសារជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ។ សរុបមកកាកបាទក្រហមកម្ពុជា ជួយទៅដល់គ្រួសារស្ត្រីងាយរងគ្រោះនិងឆ្លើយតបបានទាន់ពេលវេលា បានរាប់សែនគ្រួសារក្នុងមួយឆ្នាំៗ។

បន្ទាប់ពីការផ្លាស់ប្តូរព័ត៌មានពីសកម្មភាពមនុស្សធម៌ របស់សមាគមជាតិទាំងពីររួចមក។ និស្សិតឆ្មបដែលមកពីមហាវិទ្យាល័យពេទ្យកាកបាទក្រហមជប៉ុន ដែលធ្លាប់បានសិក្សាពីប្រទេសកម្ពុជាពីមុនមក បានលើកឡើងជាសំណួរមួយចំនួនពាក់ព័ន្ធនិងបញ្ហាសុខភាពមាតា ទារក និងកុមារ ការជួយដល់ស្ត្រីមានផ្ទៃពោះអំឡុងពេលមានគ្រោះមហន្តរាយ និងអំពីការបរិច្ចាគឈាម ។ល។ ដោយចម្ងល់និងសំណួរទាំងនេះត្រូវបានឆ្លើយតប និងពន្យល់ យ៉ាងក្បោះក្បាយពី ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា ដែលជានិស្សិតឆ្មប ជូនដល់ប្រតិភូនិស្សិតឆ្មបជប៉ុន និងបានផ្លាស់ប្តូរចំណេះដឹងគ្នាទៅវិញទៅមក។
លោកស្រី អិមី តាហារ៉ា សាសាហ្គាវ៉ា (Madam Emi TAHARA SASAGAWA) បានថ្លែងថា នេះជាលើកទី៣ ដែលលោកស្រីដឹកនាំនិស្សិតមកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយឆ្នាំក្រោយលោកស្រីគ្រោងមកម្តងទៀត។ រាល់ពេលដែលអញ្ជើញមក លោកស្រីតែងតែដឹកនាំនិស្សិតចូលជួបសម្តែងការគួរសម និងចែករំលែក ចំណេះដឹង បទពិសោធន៍ រវាងសមាគមជាតិទាំងពីរ។ ពេលមកដល់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកស្រីមានអារម្មណ៍ថាដូចជាបានមកដល់ផ្ទះទី២របស់លោកស្រី ដោយហេតុថា សមាគមជាតិទាំងពីរស្ថិតនៅក្នុងចលនា កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបំពេញសកម្មភាពមនុស្សធម៌ដូចគ្នា។


សូមជម្រាបជូនថា ប្រតូភូនិស្សិតគិលានុប្បដ្ឋាក និងឆ្មបនៃមហាវិទ្យាល័យពេទ្យកាកបាទក្រហមជប៉ុន ធ្វើទស្សនកិច្ចសិក្សានៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់២១ ខែកញ្ញា ឆ្នាំ២០២៥ហើយតាមគម្រោងនឹងបន្តដំណើរទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលទារកនិងកុមារជាតិ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥បន្តបន្ទាប់ទៀត៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖កាកបាទក្រហមកម្ពុជា)





