អង្គការ NatureLife រៀបចំអបអរសាទរទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥-- ក្រុមការងាររបស់អង្គការជីវិតធម្មជាតិ NatureLife បានររៀបចំការអប់រំផ្សព្វផ្សាយអំពី ទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិ ដល់ប្រជាពលរដ្ឋមូលដ្ឋាននៃតំបន់គោលដៅចំនួន៤ភូមិដូចជា ភូមិរយ៉ ភូមិរវាក់ ភូមិស្រែជ្រៃ និងភូមិមេមុំ នៅជុំវិញដែនជម្រកសត្វព្រៃលំផាត់ ដែលជាទីតាំងអនុវត្តកម្មវិធីអាហារដ្ឋានត្មាតផងដែរ
បន្ថែមពីលើកម្មវិធីនៅទីក្រុងភ្នំពេញ នៅថ្ងៃទី០៨ និងទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមសរុប ១៧០នាក់ ដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិច ដែលរស់នៅតាមមូលដ្ឋានដែលមានវត្តមានរបស់សត្វត្មាត។


ប្រភពពីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ថា កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹងអំពីតម្លៃ តួនាទីសំខាន់ កត្តាគំរាមកំហែងរបស់សត្វត្មាត និងបង្ហាញពីបច្ចុប្បន្នភាពនៃកម្មវិធីអាហារដ្ឋានត្មាត ជាមួយសហគមន៍ក្នុងភូមិគោលដៅ។ការចូលរួមរបស់សហគមន៍មូលដ្ឋាន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការធានាបានថា សត្វត្មាតនៅកម្ពុជា នឹងបន្តរស់រានមានជីវិត ដើម្បីបំពេញតួនាទីដ៏មានតម្លៃរបស់ពួកគេបានយូរអង្វែងនៅក្នុងប្រព័ន្ធអេកូឡូស៊ី។


អង្គការ NatureLife បន្តថា យើងទាំងអស់គ្នា អាចជួយការពារត្មាតបាន តាមរយៈការចូលរួមគាំទ្រកម្មវិធីអភិរក្ស ការចែករំលែកចំណេះដឹងទាក់ទងនឹងសត្វត្មាត និងការអភិរក្សទៅកាន់អ្នកដទៃផ្សេងទៀតនិងយុវជនជំនាន់ក្រោយ៕
ដោយ ណយ នឿន (ប្រភព៖ NatureLife)





