អង្គការWWFសហការជាមួយក្រសួងកសិកម្ម ពង្រឹងការងារអភិរក្សជីវចម្រុះ ពិសេសសត្វផ្សោតទន្លេមេគង្គ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ អ្នកស្រីបណ្ឌិត សាង លី (Sang Lee) នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃអង្គការ(WWF) និងសហការី ដើម្បីពិភាក្សាការងារក្នុងភាពជាដៃគូ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍អង្គការ (WWF) ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងស្ថាប័នទាំងពីរនូវការងារអភិរក្សជីវចម្រុះ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់កម្ពុជា និងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់អង្គការ WWF បន្តកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនេះឱ្យកាន់តែមានលទ្ធផលផ្លែផ្កាថែមទៀត បង្កើនទំនុកចិត្ត និងបុរេសកម្មជាមួយគ្នា ក្នុងស្មារតីសំឡេងតែមួយ គោលដៅតែមួយ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





