ឯកឧត្តម នួន ផារ័ត្ន ជួបសំណេះសំណាល និងពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូDBSTនៅឃុំត្រពាំងឫស្សី
AKP កំពង់ធំ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំអញ្ជើញជួបសំណេះសំណាល និងពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់(DBST) ប្រវែង៩,៦គីឡូម៉ែត្រ ពីភូមិរមាំងងាប់ ទៅភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ និងក្រុមការងារស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានលើកឡើងថាភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ គឺបានមកមានការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ និងពីថ្នាក់ដឹកនាំខេត្ត ដែលបានដឹកនាំ ធ្វើឱ្យមានការអភិវឌ្ឍលើវិស័យអភិវឌ្ឍន៍ជនបទ ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវនេះពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិ។ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅធ្វើបុណ្យទាន និងការធ្វើដំណើររបស់សិក្សានុសិស្សទៅសាលារៀន ការប្រកបមុខរបរកសិកម្មដឹកជញ្ជូនផលកសិកម្មទៅកាន់ទីផ្សារមានភាពងាយស្រួល។

ឯកឧត្តម នួន ផារ័ត្ន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរទៅលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងនៅតាមជនបទ ពិសេសគឺផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ច ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទាំងយប់ទាំងថ្ងៃប្រកបដោយសុវត្ថិភាព។ ជាក់ស្ដែងការចុះពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូនៅឃុំត្រពាំងឬស្សីនេះ គឺងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយចំណេញពេលវេលា ក្នុងការដឹកជញ្ជូនកសិផល និងមានបងប្អូនប្រជាពលរដ្ឋមករស់នៅកាន់តែច្រើនទៀតផង។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងអំពាវនាវមកដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋាន ត្រូវចូលរួមថែរក្សាផ្លូវក្រាលកៅស៊ូនេះឱ្យបានគង់វង្ស យូរអង្វែង និងជួយដាំដើមឈើអមសង្ខាងផ្លូវបន្ថែមទៀត ដើម្បីឱ្យមានសោភ័ណភាពកាន់តែល្អប្រសើរ។ពិសេសសូមឱ្យឪពុកម្ដាយបញ្ជូនកូនឱ្យមកសាលារៀនឱ្យបានគ្រប់ៗគ្នា ព្រោះនៅក្នុងភូមិមានផ្លូវក្រាលកៅស៊ូល្អសម្រាប់ធ្វើដំណើរមកសាលារៀន ហើយសាលារៀនគឺជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សទាំងចំណេះដឹង ជំនាញ និងបច្ចេកទេសល្អៗ ពីលោកគ្រូអ្នកគ្រូ ដើម្បីឱ្យកូនក្លាយទៅជាសិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ)





