អភិបាលរងខេត្តកណ្តាលចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្ដាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពឱ្យកាន់តែមានភាពស្រស់ស្អាត
AKP កណ្តាល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦--លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ មន្ទីរពាក់ព័ន្ធ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់បងប្អូនអាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបអាជីវកម្ម និងរស់នៅតាមសងខាងបណ្តោយផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ ផ្លូវលេខ១០៧ ផ្លូវលេខ១០៨ ផ្លូវលេខ២០៦ ផ្លូវលេខ២០៩ និងផ្លូវលេខ២១០ ត្រូវធ្វើការរុះរើចេញនូវសំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពឱ្យកាន់តែមានភាពស្រស់ស្អាត និងដើម្បីត្រៀមប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា ២០២៦ នៅកីឡដ្ឋានខេត្តកណ្តាលនាពេលខាងមុខនេះ។

នាឱកាសនោះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា គោលបំណងសំខាន់ ក្នុងការចុះរៀបចំនេះ គឺដើម្បីរៀបចំសោភ័ណភាពនៅតាមកំណត់ផ្លូវជាតិសំខាន់ៗនេះ ឲ្យបានស្អាតសមរម្យសាកសមជាទីក្រុងស្អាត មានសន្ដិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងមានបរិស្ថានអនាម័យបានល្អប្រសើរ។ ពិសេសគឺដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋទូទៅ មិនឱ្យមានការកក់ស្ទះបន្តទៀត និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតទៀតផងដែររ។បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់អាជ្ញាធរ ព្រោះការរៀបចំសណ្តាប់ធ្នាប់នេះមិនត្រឹមតែធ្វើឱ្យផ្លូវមានភាពទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

អាជ្ញាធរត្រូវណែនាំដល់បងប្អូនអាជីវករ ដែលលក់ដូរលើចិញ្ចើមផ្លូវ និងរស់នៅតាមសងខាងផ្លូវ ឱ្យរុះរើតូប ឬការដាក់តាំងទំនិញដែលបង្កការរំខាន់ដល់ការធ្វើដំណើរថ្មើរជើងរបស់ប្រជាពលរដ្ឋ និងយានយន្តធ្វើដំណើរ ពិសេសទៀតនោះគឺស្លាកយីហោរបស់ពួកគាត់លយមកចំណីផ្លូវសាធារណៈ គឺអាជ្ញាធរតម្រូវអោយរុះរើជាបន្ទាន់ដោយគ្មានការលើកលែងឡើយ។

ទន្ទឹមនឹងការចុះអនុវត្តន៍នេះ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ សូមមេត្តាបន្តចូលរួមសហការដោយស្ម័គ្រចិត្ត ជាមួយអាជ្ញាធរ ដោយមិនត្រូវត្រឡប់មកលក់ដូររំលោភលើចិញ្ចើមផ្លូវវិញឡើយក្រោយពេលសមត្ថកិច្ចចេញទៅ។ អាជ្ញាធរនឹងបន្តតាមដាន និងចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថាវិធានការនេះមានប្រសិទ្ធភាពយូរអង្វែង។
សកម្មភាពនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការកែលម្អជីវភាពរស់នៅ និងបរិយាកាសទូទៅនៅក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែប្រសើរឡើង ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





