ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកណ្តាលពន្លឿនការកំណត់ព្រំប្រទល់ក្នុងភូមិសាស្ត្ររដ្ឋបាលរបស់ខ្លួនឱ្យមានភាពច្បាស់លាស់
AKP កណ្តាល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីកំណត់ព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ដែលពុំទាន់មានភាពច្បាស់លាស់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីជំនាញផងដែរ។

ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន បានលើកឡើងថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីពិនិត្យស្ថានភាពព្រំប្រទល់ រដ្ឋបាលថ្នាក់ក្រោមជាតិ និងធ្វើការពិនិត្យពិភាក្សាស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងការកំណត់ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលពុំទាន់មានភាពច្បាស់លាស់ ឱ្យស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំដែលក្រសួងមហាផ្ទៃបានដាក់ចេញកន្លងមក ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍន៍ ការផ្តល់សេវាសាធារណៈ និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រកបដោយប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំ ឯកឧត្ដម គួច ចំរើន បានស្នើដល់ អាជ្ញាធរក្រុង ស្រុកឃុំ សង្កាត់ ត្រូវបន្តខិតខំរៀបចំកិច្ចប្រជុំសម្របសម្រួលឱ្យមានការឯកភាពព្រំប្រទល់ជាមួយបណ្តាខេត្តនានាដែលមានព្រំប្រទល់ជាប់ខេត្តកណ្តាល រាល់កិច្ចប្រជុំត្រូវមានកំណត់ហេតុ មានការចុះហត្ថលេខាឯកភាពគ្នា ដើម្បីចេញជាផែនទីឱ្យបានឆាប់រហ័ស សំដៅបញ្ជូនទៅក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទាន់ពេលវេលា ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





