ព្រះខ័នរាជស្វាយរៀង ហោះទៅកូវ៉ែត ប្រកួតដណ្តើមជើងឯកជាមួយ ម្ចាស់ផ្ទះ Kuwait SC AFC Challenge League 2025-26
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦--ក្រុមព្រះខ័នរាជស្វាយរៀងបានចាកចេញពីមាតុប្រទេស កាលពីវេលាម៉ោង ១១យប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ហោះទៅកាន់ប្រទេសកូវ៉ែត ដើម្បីប្រកួតប្រជែងដណ្តើមជើងឯក ជាមួយក្រុមម្ចាស់ផ្ទះ Kuwait SC វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ពានរង្វាន់ក្លឹបលំដាប់ទី៣ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាល ២០២៥-២០២៦ ដែលគ្រោងនឹងធ្វើឡើង នាវេលាម៉ោង ១៩:១៥ យប់ថ្ងៃទី១៣ ខែឧសភា នៅទឹកដីប្រទេសកូវ៉ែត។

ជំនួបវគ្គផ្តាច់ព្រ័ត្រនេះនឹងធ្វើឡើង នៅកីឡដ្ឋាន Jaber Al-Mubarak Al-Sabah នៃប្រទេសកូវ៉ែត។ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុម Kuwait SC គ្រោងនឹងធ្វើឡើងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៩:១៥នាទី ត្រូវនឹងម៉ោង ១១:១៥នាទីយប់ (ម៉ោងនៅកម្ពុជា)។ មុនហោះទៅកាន់ប្រទេសកូវ៉ែតកាលពីជិតរំលងអាធ្រាតយប់មិញនេះ គឺព្រះខ័នរាជស្វាយរៀងបានឆ្លងកាត់ការប្រកួតលីគកំពូលកម្ពុជា ក្នុងជំនួបសប្តាហ៍ទី៣១ ជាមួយក្រុមបឹងកេត ដោយចាញ់ក្នុងលទ្ធផល ២-៣។ យ៉ាងណា ព្រះខ័នរាជស្វាយរៀងបានគ្រងជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦នេះរួចទៅហើយ ដែលជាការការពារម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៣រដូវកាលជាប់ៗគ្នា។

នេះជាលើកទី២ ដែលក្លឹតំណាងជាតិរបស់កម្ពុជា ព្រះខ័នរាជស្វាយរៀងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់លំដាប់ទី៣ប្រចាំទ្វីបអាស៊ីមួយនេះ AFC Challenge League។ ដោយឡែក ក្រុម Kuwait SC ជាក្រុមខ្លាំងរបស់ប្រទេសកូវ៉ែត ដែលមានបទពិសោធច្រើនលើឆាកអន្តរជាតិ។ ព្រះខ័នរាជស្វាយរៀងជាក្រុមជើងឯករង AFC Challenge League កាលពីរដូវកាលមុន ២០២៤-២០២៥។

គួររម្លឹកថា មុនឈានដល់ប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ ប្រកួតដណ្តើមម្ចាស់ជើងឯក រដូវកាល ២០២៥-២០២៦ នាខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ គឺព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុម MANILA DIGGER FC របស់ប្រទេសហ្វីលីពីន ដោយលទ្ធផលសរុបទាំងពីរជើង ៤-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ជើងទី១ ១-១ និងជើងទី២ ៣-០) ខណៈក្រុម Kuwait SC បានយកឈ្នះលើក្រុម FC MURAS UNITED របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ដោយលទ្ធផល ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ កាលពីវគ្គចែកពូល (Group Stage) ដែលមាន១៦ក្រុម ៤ពូល គឺក្រុម Kuwait SC ស្ថិតនៅពូល B ខណៈព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល D៕

ដោយ ហេង ណាលីន (រូបភាព៖ ព្រះខ័នរាជស្វាយរៀង)





