ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ចូលរួមពិធីកាន់បិណ្ឌវេនទី៣ចំនួន២វត្តនៅឃុំដងកាំបិត
AKP កំពង់ធំ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំចូលរួមជាមួយប្រជាពុទ្ធបរិស័ទ ក្នុងពិធីកាន់បិណ្ឌវេនទី ៣ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តស្រែវាលខាងកើត និងវត្តស្រែវាលខាងលិចឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ការសូត្រមន្ត រាប់បាត្រ បង្សុកូល នៅថ្ងៃនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជនយុទ្ធនារីដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ដោយពួកគាត់បានរួមចំណែកអនុវត្តនូវនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែន នាំមកនូវសុខសន្តិភាព និងការឯកភាពពេញលេញជូនប្រជាជនកម្ពុជា។ ពិសេសសូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរយុទ្ធជននៃកងយុទ្ធពលខេមរភូមិន្ទដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ពួកចោរសៀមនៅតាមព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗកន្លងទៅនេះ និងបានបួងសួងដល់វិញ្ញាណក្ខន្ធរបស់ពួកគាត់បានទៅកាន់សុខគតិភពកុំបីឃ្លៀងទៀតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមសាមគ្គីភាពគ្នា ជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពម៉ឺងម៉ាត់ឈ្លាសវៃរបស់ប្រមុខនៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង។ ជាមួយនោះដែរយើងទាំងអស់គ្នាត្រូវរួមគ្នាពហិកា ដោយមិនត្រូវប្រើប្រាស់នូវផលិតផល ឬទំនិញផ្សេងៗរបស់សត្រូវឈ្លានពានយើងឡើយ។ យើងត្រូវរួមគ្នាលើកស្ទួយប្រើប្រាស់ផលិតផលដែលផលិតបាននៅក្នុងស្រុករបស់យើង ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិយើងឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ បានចូលរួមរាប់បាត្រ បង្សុកូល និងប្រគេនបច្ច័យគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ដើម្បីរៀបចំក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងបានប្រគេនចង្ហាន់ ដល់ព្រះសង្ឃផងដែរ។

ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ លោកតាអាចារ្យ គណៈកម្មាធិការវត្ត ព្រមទាំងលោកយាយលោកតាពុទ្ធបរិស័ទ ចំណុះជើងវត្តបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការីទាំងអស់ ដែលតែងតែផ្សារភ្ជាប់ជាមួយមូលដ្ឋាន លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ អាណាចក្រ និងការងារមនុស្សធម៌ផ្សេងៗជួយដល់ប្រជាពលរដ្ឋនិងអតីតយុទ្ធជននៅក្នុងឃុំដងកាំបិតស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងបានសូមជូនពរក្រុមការងារទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងទៀតឡើយ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ)





