ឯកឧត្តម ហួត ហាក់៖ ខេត្តកំពង់ស្ពឺជាខេត្តអំណោយផលតំបន់ទេសចរណ៍ តំបន់ឧស្សាហកម្ម សំបូរការងារ និងស្រូបទាញកម្លាំងពលកម្មពីតាមបណ្តាខេត្តផ្សេងៗបានថែមទៀតផង
AKP កំពង់ស្ពឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ខេត្តកំពង់ស្ពឺជាខេត្តអំណោយផលខាងតំបន់ទេសចរណ៍ តំបន់ឧហ្សាហកម្ម ដែលធ្វើឱ្យភ្ញៀវទេសចរ និងអ្នកវិនិយោគទុនមិនអាចរំលងបានព្រោះមកពីកត្តាភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ សំបូរការងារ មិនត្រឹមប៉ុណ្ណោះខេត្តអាចស្រូបទាញកម្លាំងពលកម្មពីតាមបណ្តាខេត្តផ្សេងៗបានថែមទៀតផង។ ការប្រកាសជ័យលាភីទីក្រុងគ្មានផ្សែងបារីនេះមិនត្រឹមតែកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងលើកតម្លៃកាន់តែខ្ពស់បន្ថែមទៀតដល់ខេត្ត និងជួយលើកតម្លៃទេសចរណ៍ក្នុងប្រទេសថែមទៀតផង។

ឯកឧត្តមបានលើកឡើងបែបនេះក្នុងពិធីប្រកាសជាផ្លូវការ «ក្រុងច្បារមន ជាក្រុងទេសចរណ៍គ្មានផ្សែងបារី» នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកស្រី Marianna Trias ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខអំពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន រួមនឹងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរពីយកចិត្តទុក្ខដាក់លើជីវភាពប្រជាពលរដ្ឋ និងជំរុញលើកកម្ពស់លើវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន ប្រកបដោយបដិសណ្ឋារកិច្ចល្អ សុខមាលភាពល្អ បរិយាកាសល្អ មានភាពទាក់ទាញ ព្រមទាំងសុវត្ថិភាពខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីធានាបាននិរន្តរភាពទីក្រុងទេសចរណ៍គ្មានផ្សែងបារី សម្រាប់រដ្ឋបាលក្រុងច្បារមន ដូចជា៖ ទី១. បន្តអនុវត្តជាប្រចាំនូវគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ឱ្យស័ក្តិសមជាជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»។ ទី២. លើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ជាប្រចាំនៅតាមវេទិកា និងជំរុញឱ្យមានការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការត្រួតពិនិត្យថ្នាំជក់ឲ្យបានទូលំទូលាយថែមទៀត។ ទី៣. បន្តប្រតិបត្តិជាក្រុងគំរូ ដើម្បីលើកកម្ពស់គុណតម្លៃនៃវិស័យទេសចរណ៍ និងជាគោលដៅទេសចរណ៍ជម្រើសពេញនិយមរបស់ភ្ញៀវទេសចរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់លើជីវភាពប្រជាពលរដ្ឋ និងជំរុញលើកកម្ពស់វិស៍យទេសចរណ៍ឱ្យរីកចម្រើនឥតឈប់ឈរ។ ថ្វីដ្បិតវិស័យទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺមិនស្ថិតក្នុងតំបន់គោលដៅទេសចរណ៍សំខាន់ៗ ដូចជា រាជធានីភ្នំពេញ តំបន់សៀមរាបអង្គរ តំបន់ឆ្នេរ និងតំបន់ភូមិភាគឦសានក៏ដោយ ប៉ុន្តែដោយសារកត្តាសុខសន្តិភាព ស្ថិរភាពសង្គម កំណើនលើវិស័យទេសចរណ៍នៅកម្ពុជាមានការប្រែប្រួលរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសខេត្តកំពង់ស្ពឺក៏ទទួលបានផ្លែផ្កាពីកំណើនទេសចរណ៍នេះផងដែរ។ ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ខេត្តទទួលបានភ្ញៀវទេសចរសរុបប្រមាណជា៦០ម៉ឺននាក់ជាង (ចំនួន៦៣៥ ៣៣៥នាក់) ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន៦២៨ ៩៨៥នាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន៦៣៥០នាក់។

ឯកឧត្តមបណ្ឌិតបន្តថា ខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍សំខាន់ៗទាក់ទាញភ្ញៀវទេសចរដូចជា តំបន់កសិកទេសចរណ៍ ម៉ុងឫទ្ធី សែនជ័យ តំបន់អេកូទេចរណ៍នៅតំបន់ សហគមន៍គោកមានទី (ទឹកធ្លាក់ជ្រាវ) ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ភ្នំឱរ៉ាល់ និងភ្នំខ្នងផ្សារ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលធ្វើឱ្យមានរមណីយដ្ឋានរហូតដល់២៩កន្លែងក្នុងទូទាំងខេត្ត។ ក្នុងនោះរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមានចំនួន៤កន្លែង និងរមណីយដ្ឋានធម្មជាតិកែច្នៃមានចំនួន៩កន្លែង និងរមណីយដ្ឋាន កសិទេសចរណ៍ចំនួន៣កន្លែង។ បន្ថែមពីនេះ ខេត្តបានជំរុញឱ្យមន្ទីរបានធ្វើការផ្សព្វផ្សាយជាប្រចាំដល់បណ្ដាមូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើអនាម័យ សេវាល្អ បរិស្ថានគ្មានផ្សែងបារីផងដែរពីសំណាក់ប្រតិបត្តិករទេសចរណ៍ (វិស័យឯកជន) ដើម្បីបម្រើបាននូវតម្រូវការ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាម្ដងហើយម្ដងទៀត ក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ៕
ដោយ លឹម សាន្ត





