លោក សួគ៌ ប៊ុនធង៖ ថវិកាមូលនិធិឃុំបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខុមាលភាព និងសេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋាន
AKP កំពង់ធំ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥-- លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង បានលើកឡើងថា ថវិកាមូលនិធិឃុំបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខុមាលភាព និងសេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសអញ្ជើញជាតំណាងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ចូលរួមក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥ នៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

លោកអភិបាលរងស្រុកបានបញ្ជាក់ថា សមិទ្ធផលនៃការដេញថ្លៃនៅក្នុងឱកាសនេះគឺជាគុណតម្លៃដ៏ធំធេង និងសមិទ្ធផល ជាផ្លូវលំ ដែលបានបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋជាច្រើនភូមិនៅក្នុងមូលដ្ឋានឃុំម្សាក្រង ជាពិសេសការធ្វើដំណើរសព្វបែបយ៉ាងក៏ដូចជាការដឹកជញ្ជូនផលានុផល កសិផល ព្រមទាំងទំនិញផ្សេងៗទៅកាន់ទីផ្សារ បានលឿន និងសុវត្ថិភាពជាងមុន ដែលជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ លោក សួគ៌ ប៊ុនធង បានណែនាំដល់គណៈកម្មការលទ្ធកម្មឃុំ និងអ្នកទទួលការធ្វើផ្លូវនេះ ត្រូវសហការគ្នាកសាង និងត្រូវធ្វើការតាមដាន និងត្រួតពិនិត្យរាល់ដំណើរការកសាងផ្លូវថ្មីនេះឱ្យស្របតាមបទដ្ឋានបច្ចេកទេសកិច្ចសន្យា មានទំនួលខុសត្រូវខ្ពស់ ហើយបានផ្លូវប្រើប្រាស់បានយូរអង្វែង។លោកពិតជាមានមោទនភាពក្រៃលែងដែលដំណើរការដេញថ្លៃនៅក្នុងឱកាសនេះបានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពក្រោមក្រសែភ្នែកអាជ្ញាធរពាក់ព័ន្ធ មហាជននិងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

សូមបញ្ជាក់ថា គម្រោងដេញថ្លៃនៅក្នុងឱកាសនេះគឺជាការសាងសង់ផ្លូវក្រាលក្រួសក្រហមប្រវែង២០០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ក្រួស០,១៥ម៉ែត្រ លូ៦កន្លែង និងមានតម្លៃប៉ាន់ស្មានសរុប ចំនួន២៨០៤៥៥១៩៩ រៀល៕
ដោយ ស៊ុម វណ្ណា





