លោកជំទាវ ភឿង សកុណា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៥
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥-- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៥ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលមកពីក្រសួងពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន២៦រូប។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនាព្រឹកនោះ បានពិភាក្សា អនុម័ត និងផ្តល់អនុសាសន៍ លើរបៀបវារៈសំខាន់ៗចំនួន៤រួមមាន៖ ទី១. ពិនិត្យ របាយការណ៍លទ្ធផលអនុវត្តន៍អនុសាសន៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារអាណត្តិទី៥ លើកទី៤ ទី២. ពិនិត្យ របាយការណ៍លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុខែមេសា ដល់ខែកក្កដាឆ្នាំ២០២៥ ទី៣. ការវាយតម្លៃរបាយការណ៍បឋមស្តីពីការខូចខាត និងផលប៉ះពាល់បង្កដោយប៉ះទង្គិចគ្នាដោយអាវុធមកលើប្រាសាទព្រះវិហារ វិស័យទេសចរណ៍ សហគមន៍ និងតំបន់ជុំវិញ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងទី៤. បញ្ហាផ្សេងៗ។


កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារនេះធ្វើឡើងនៅសាលប្រជុំព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារ ក្នុងការបំពេញបេសកកម្មទៅលើកិច្ចការពារ គ្រប់គ្រងថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





