កម្ពុជា-ថៃ ព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធា
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥--តាមរយៈកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធា។
ដើម្បីសម្រេចគោលបំណងខាងលើ ក្រុមការងារទាំងពីរនឹងជួបគ្នាក្នុងរយៈពេល ៣ សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំនេះ ដើម្បីចាប់ផ្ដើមពិភាក្សាផែនការសកម្មភាព ដែលមានលក្ខណៈជាក់ស្តែង និងជាជំហានៗ ដោយការអនុវត្តផែនការនេះនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបិទបញ្ចប់ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)នៅខេត្តកោះកុង នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) បានថ្លែងថា ភាគីទាំងពីរក៏បានឯកភាពគ្នាជាគោលការណ៍ទៅលើលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយរង់ចាំការអនុម័តពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ក្នុងអំឡុងពេលរង់ចាំការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ភាគីទាំងពីរបានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) និងបានឯកភាពគ្នាក្នុងការបន្តប្រើប្រាស់យន្តការនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។
ឯកឧត្តម ទៀ សីហា បានថ្លែងបញ្ជាក់ថា «យើងក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់នៃការទាក់ទងជាទៀងទាត់ រវាងយោធភូមិភាគ(កម្ពុជា) កងទ័ពភូមិភាគ (ថៃ) និងអង្គភាពតាមព្រំដែននៃភាគីទាំងពីរ ព្រមទាំងបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ ភាគីទាំងពីរបានបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ»។

ក្នុងស្មារតីរួមគ្នានេះ ភាគីទាំងពីរបានឯកភាពគ្នាថា ការបញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ការចោទប្រកាន់ និងការប្រើប្រាស់ពាក្យសម្តីញុះញង់ ទោះក្នុងទម្រង់ណាក៏ដោយ គឺមានភាពចាំបាច់ណាស់ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។
ក្នុងស្មារតីបង្កើនជំនឿទុកចិត្តនិងភាពជឿជាក់ទៅវិញទៅមក ព្រមទាំងការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនង អង្គប្រជុំក៏បានពិភាក្សាករណីទាហានដែលត្រូវបានចាប់ខ្លួន ឆ្ពោះទៅរកការដោះលែងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ក្នុងពេលវេលាសមស្របណាមួយ ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌ និង ស្របតាមមាត្រា១១៨ នៃអនុសញ្ញាទីក្រុងហ្សឺណែវទី៣ ឆ្នាំ១៩៤៩ និងវិធានទី១២៨ (A) នៃច្បាប់ទំនៀមទម្លាប់មនុស្សធម៌អន្តរជាតិ។
ជាមួយគ្នានេះដែរ អង្គប្រជុំបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការស្វែងរកវិធានការជាក់ស្តែងដើម្បីវិលទៅរកប្រក្រតីភាពឡើងវិញ ក្នុងនោះក៏បានពិនិត្យលើសំណូមពររបស់ប្រទេសជប៉ុន ដែលមានបំណងឱ្យប្រទេសទាំងពីរពិចារណាលើការបើកច្រកព្រំដែនមួយចំនួន សម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់ ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់។
ចំពោះការងារដោះមីនមនុស្សធម៌ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារសម្របសម្រួលចម្រុះក្នុងរយៈពេល ១ សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេសនេះ ដែលដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ ដោយមានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថ (TMAC) ដើម្បីកំណត់ និងឯកភាពដោយភាគីទាំងពីរនូវតំបន់អាទិភាព ព្រមទាំងសម្របសម្រួលលើការរៀបចំផែនការ និងអនុវត្តការងារនេះ។ ភាគីទាំងពីរនឹងរៀបចំឱ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីអាចចាប់ផ្ដើមកំណត់តំបន់សាកល្បងសម្រាប់ការងារដោះមីនក្នុងរយៈពេល ១ ខែខាងមុខ។ សកម្មភាពនេះ នឹងចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។ កម្ពុជា-ថៃ ក៏បានឯកភាពគ្នាផងដែរដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរអាវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការងារដោយបង្ខំ និងការឆ្លងដែនខុសច្បាប់ ជាដើម។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ក៏ដូចជាការចែករំលែកព័ត៌មាន ដោយធានាថា បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយ ស្របតាមច្បាប់ជាតិ និងគោលការណ៍មនុស្សធម៌។
ក្នុងន័យនេះ អង្គប្រជុំបានប្រគល់ភារកិច្ចដល់ក្រសួងមហាផ្ទៃ និងនគរបាលជាតិនៃប្រទេសទាំងពីរ ដើម្បីធ្វើការរៀបចំផែនការសកម្មភាព សម្រាប់ដោះស្រាយបញ្ហាខាងលើ។

ក្នុងការគ្រប់គ្រងព្រំដែន ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) គឺជាយន្តការក្នុងការអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពគ្នាដោះស្រាយបាតុភាពនៅតាមបណ្ដោយព្រំដែនដោយសន្តិវិធី សំដៅលើកកម្ពស់ភាពសុខដុមរវាងប្រជាជននៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) ក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំនេះ ដោយប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យតាមដានលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និង ដើម្បីដាក់ចេញនូវជំហានជាក់ស្តែងនានាដែលចាំបាច់ សំដៅអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព៕
ដោយ៖ គង់ សិរីរ័ត្ន





