ពលរដ្ឋភៀសសឹក៖ ខ្ញុំធ្លាប់ឆ្លងកាត់គ្រាប់ផ្លោងរួចហើយ ខ្ញុំមិនចង់ឃើញការព្រាត់ប្រាស់កូនកំព្រា ស្ត្រីមេម៉ាយ មនុស្សពិកាទេ កម្ពុជា ត្រូវការសន្តិភាព
AKP ព្រះវិហារ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ -- ប្រជាពលរដ្ឋជាជនភៀសសឹកបានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានមកពីតំបន់អាស៊ី ដែលចុះទៅសម្ភាសន៍ និងផ្តិតយករូបភាពនៅជំរុំភៀសសឹក ក្នុងវត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ពួកគាត់ដែលជាជនភៀសសឹករត់គេចពីគ្រាប់កាំភ្លើងបាញ់ស្រោច និងយន្តហោះទម្លាក់គ្រាប់ដែលភាគីថៃ ប្រើប្រាស់ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា បានរៀបរាប់ទាំងទឹកភ្នែកថា ពួកគាត់មានវ័យចំណាស់ និងបានឆ្លងកាត់គ្រាប់ផ្លោងរួចទៅហើយ។ ដូច្នេះ ពួកគាត់មិនចង់ឮ មិនចង់ឃើញស្ថានភាពនេះកើតឡើងនោះទេ និងមិនចង់ឃើញការព្រាត់ប្រាស់សាច់ញាតិ កូនៗត្រូវកំព្រាឪពុក ម្តាយ ស្ត្រីមេម៉ាយ មនុស្សត្រូវធ្លាក់ខ្លួនពិកានោះទេ ប្រទេសកម្ពុជា ត្រូវការសន្តិភាព និងស្អប់សង្គ្រាម។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអន្តរជាតិ ដែលចេញពីជំរុំជនភៀសសឹក លោកស្រី វ៉ាន់ គឹមយ៉ាន អាយុ៦៣ឆ្នាំ រស់នៅភូមិតេជោធម្មជាតិបានឱ្យដឹងថា នៅថ្ងៃដែលមានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងថៃ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនភ័យតក់ស្លុតយ៉ាងខ្លាំង ជាពិសេសខ្លួនគាត់ផ្ទាល់ដែលពីអតីតកាលបានឆ្លងកាត់ស្នូរគ្រាប់កាំភ្លើងដោយសារតែភ្លើងសង្គ្រាមជាដើម។ លោកស្រីបាននិយាយថា៖ «ខ្ញុំសូមឱ្យសមាជិកអាស៊ាន និងប្រទេសលើពិភពលោកមេត្តាជួយអន្តរាគមន៍ឱ្យបានឆាប់រហ័ស ដើម្បីបិទបញ្ចប់បញ្ហាដើម្បីឱ្យប្រជាពលរដ្ឋអាចវិលទៅលំនៅឋានវិញ និងបញ្ចប់សង្គ្រាមវិលទៅដូចដើមវិញ។ ខ្មែរមិនចង់បានសង្គ្រាមនោះទេ»។

លោកស្រី វ៉ាន់ គឹមយ៉ាន បានថ្លែងទៀតថា បញ្ហាជម្លោះព្រំដែនជាមួយថៃ កងទ័ពថៃបានទម្លាក់គ្រាប់បែកមកចំផ្ទះសម្បែង បំផ្លាញភូមិឋាន ជាពិសេសគឺធ្វើស្លាប់ប្រជាជនស្លូតត្រង់ កងទ័ពបានពលី និងធ្វើឱ្យព្រាតប្រាស់សាច់ញាតិកូនត្រូវកំព្រាឪពុក ប្រពន្ធត្រូវមេម៉ាយ។

ដោយរៀបរាប់ទាំងទឹកភ្នែករលីងរលោង ស្ត្រីវ័យចំណាស់រូបនេះ បានទទូចយ៉ាងដូច្នេះថា៖ «សូមឱ្យថៃ ឈប់ទន្ទ្រានទឹកដីកម្ពុជាទៀតទៅ សូមឱ្យអស់លោក សហគមន៍អន្តរជាតិជួយប្រទេសខ្មែរ ផង ព្រោះខ្មែរធ្លាប់ឆ្លងកាត់សង្គ្រាម កុំធ្វើបាបខ្មែរពេក កូនចៅគ្មានក្តីសុខទេ ក្មេងមិនបានចូលរៀន។ ខ្មែរចង់បានសន្តិភាពណាស់ ខ្មែរស្អប់សង្គ្រាម ពីព្រោះឆ្អែតឆ្អន់នឹងសង្គ្រាម»។

កំពុងតែរៀបរាប់ពីទុក្ខលំបាកដោយសារតែការរត់គេចចេញពីគ្រាប់ផ្លោងរបស់ថៃដែរនោះ លោក វង់ សារឿន អាយុ៧២ឆ្នាំ ដែលជនភៀសសឹករត់ចេញពីផ្ទះសម្បែងជាមួយគ្រួសារ នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ក៏បានឱ្យដឹងដែរថា ពួកគាត់ធ្លាប់តែរស់នៅដោយសុខស្រួល ជួបជុំក្រុមគ្រួសារយ៉ាងមានកក់ក្តៅ ប៉ុន្តែ ស្រាប់តែស្ថានការណ៍ព្រំដែនមានការប្រែប្រួលធ្វើឱ្យពួកគាត់ រួមជាមួយអ្នកភូមិជាច្រើនគ្រួសារ បានភៀសខ្លួនមករកទីមានសុវត្ថិភាព។ លោក សាវឿន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបានរត់គេចពីសង្គ្រាម មករកទីមានសុវត្ថិភាព ដើម្បីគេចឱ្យផុតពីគ្រោះថ្នាក់ដោយសារសង្គ្រាម។ មុនមានសង្គ្រាមប្រជាពលរដ្ឋរា់នៅដោយសុខសាន្ត សង្ឃឹមថាសន្តិភាពនឹងមានឆាប់ ដើម្បីឱ្យពួកខ្ញុំអាចវិលត្រឡប់ទៅលំនៅឋានវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត»។

លោក វង់ សាវឿន ក៏បានអំពាវនាវដល់សហគន៍អន្តរជាតិ សមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ សូមប្រញាប់ចូលអន្តរាគមន៍ឱ្យបានឆាប់រហ័ស ដើម្បីបញ្ចាប់បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសធ្វើយ៉ាងឱ្យថៃ គោរពឱ្យបាននូវបទឈប់បាញ់ដែលខ្លួនព្រមព្រៀមគ្នានៅចំពោះមុខសហរដ្ឋមេរិក ចិន និងប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ។
ពាក់ព័ន្ធនឹងបញ្ហាជនភៀសសឹកនេះដែរ លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអន្តរជាតិឱ្យដឹងថា អាជ្ញាធរខេត្ត រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីបញ្ហាសុខទុកពលរដ្ឋភៀសសឹក។ លោកបានបន្ដថា បច្ចុប្បន្ននេះ នៅទូទាំងខេត្តមានជំរុំភៀសសឹកចំនួន១៥ទីតាំង និងមានប្រជាពលរដ្ឋភៀសសឹក កំពុងបន្តស្នាក់នៅបណ្តោះអាសន្នប្រមាណ២ម៉ឺននាក់។

លោកអភិបាលរងខេត្តព្រះវិហារបានបញ្ជាក់បន្ថែមថា ដោយឡែកសម្រាប់ជំរុំភៀសសឹក វត្តពោធិ៍ ៥០០០ដើម គឺបច្ចុប្បន្ននេះ មានពលរដ្ឋភៀសសឹកកំពុងស្នាក់នៅបណ្តោះអាសន្ន ប្រមាណ ២ ០០០ គ្រួសារ និងមានប្រមាណ ៧ ០០០ នាក់ មកពីភូមិចំនួន៦ ដែលប្រឈមខ្ពស់ដោយសារជម្លោះព្រំដែន។

សូមជម្រាបជូនថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕


ដោយ៖ AKP





