ក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាបចុះសិក្សាស្រាវជ្រាវការធ្វេីវារីវប្បកម្ម ក្នុងស្រុកកណ្ដៀង
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានបន្តចុះសិក្សាស្រាវជ្រាវលើការធ្វើវារីវប្បកម្ម ស្ថិតនៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

សកម្មភាពនៃការចុះសិក្សានេះរួមមាន៖ ទី១. ការជួបពិភាក្សា និងប្រមូលព័ត៌មានពីអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា។ ទី២. ចុះពិនិត្យស្ថានភាពទីតាំងចិញ្ចឺមជាក់ស្តែង និងធ្វើការសម្ភាសន៍ជាមួយវារីវប្បករ។ ទី៣. សិក្សាអំពីបទដ្ឋានបច្ចេកទេសនៃការចិញ្ចឹម ប្រភេទត្រី ការឱ្យចំណី និងបច្ចេកទេសនៃការថែទាំ និងទី៤. ការសម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រីពីវារីវប្បករ និងទីផ្សារ។

គោលបំណងនៃការចុះសិក្សាស្រាវជ្រាវផ្តោតទៅលើ៖ ទី១. តាមដាន និងប្រមូលទិន្នន័យ អំពីសិ្ថតិអ្នកចិញ្ជឹមត្រីទាំងក្នុងបែរ និងក្នុងស្រះ។ ទី២. ការសិក្សាតាមដានបរិមាណនៃការចិញ្ចឹម ប្រភេទត្រី បចេ្ចកទេសនៃការចិញ្ចឹម និងទិន្នផល។ ទី៣. សិក្សាពីចរន្តទីផ្សារ តម្លៃទីផ្សារ និងវិភាគលើសេដ្ឋកិច្ចនៃការចិញ្ចឹមត្រី និងទី៤. ការសិក្សាពីផលប៉ះពាល់ បញ្ហាប្រឈមនានានៃការធ្វើវារីវប្បកម្មនៅក្នុងខេត្តជុំវិញបឹងទន្លេសាប វិធានការគ្រប់គ្រង និងដំណោះស្រាយ។

សូមជម្រាបជូនថា សកម្មភាពនៃការចុះសិក្សាស្រាវជ្រាវវារីវប្បកម្មគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥របស់អាជ្ញាធរទន្លេសាប៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





