កិច្ចប្រជុំស្តីពីការជំរុញការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីការជំរុញការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានលើកឡើងថា ដោយសង្កេតឃើញថាមានប្រជាពលរដ្ឋខ្មែរជាច្រើនដែលទើបត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរមួយចំនួនបានបាត់បង់ ខូចខាត ឬអស់សុពលភាពនូវឯកសារបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ឬមិនមានឯកសារគ្រប់គ្រាន់ និងមួយចំនួនទៀតពុំទាន់មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់នៅឡើយដូចជាសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាដើម ដែលបញ្ហានេះបានបង្កជាឧបសគ្គសម្រាប់ពួកគាត់ក្នុងការស្វែងរកការងារធ្វើ ឬស្នើសុំសេវាផ្សេងៗសម្រាប់តម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។


ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបន្តថា ស្របជាមួយគ្នានេះដែរដោយអនុវត្តន៍តាមប្រសាសន៍ណែរនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការជំរុញការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ជូនដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់រួមគ្នាធ្វើយ៉ាងណាជួយសម្រួល និងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ដើម្បីឱ្យពួកគាត់មានឯកសារសម្រាប់យកទៅប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃតាមតម្រូវការជាក់ស្តែង៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





