មន្ត្រីផ្នែកវប្បធម៌សហរដ្ឋអាមេរិកនាំយកសម្ភារសិក្សា ចែកជូនសិស្សានុសិស្សសាលាបឋមសិក្សាព្រែកស្វាយ ស្រុកព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥--កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោកស្រី សារា ហ្វយៀស្ទីន (Sara Feuerstein) មន្រ្តីផ្នែកវប្បធម៌នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោក លោកស្រីជាតំណាងរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រែកស្វាយ ដែលស្ថិតក្នុងឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងឱកាសអបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍ ៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ក្នុងឱកាសនោះ លោកស្រី សារា ហ្វយៀស្ទីន (Sara Feuerstein) មន្រ្តីផ្នែកវប្បធម៌នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការសំណេះសំណាលជាមួយសិស្សានុសិស្សសាលាបឋមសិក្សាព្រែកស្វាយប្រកបដោយភាពស្និទ្ធស្នាលដែលស្ថានទូតសហរដ្ឋអាមេរិកបានជ្រើសរើសយកខេត្តព្រះសីហនុ សម្រាប់កម្មវិធីសប្តាហ៍ស្ថានទូតសហរដ្ឋអាមេរិកនៅលើទឹកដីតំបន់ឆ្នេរនៃខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៥ ខួបទី៧៥ នៃភាពជាដៃគូ និងមិត្តភាព តាមរយៈសកម្មភាពជាច្រើន ហើយកម្មវិធីនេះមានរយៈពេលមួយសប្តាហ៍ ដោយផ្តោតលើការលើកកម្ពស់កាលានុវត្តភាពសេដ្ឋកិច្ច ការលើកកម្ពស់ផ្នែកសុខភាព ការគាំទ្រដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ និងការចូលរួមការសកម្មភាពរបស់យុវជនកម្ពុជា ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសុខាភិបាល។ ហើយព្រឹត្តការណ៍ដ៏មានសារសំខាន់នៅលើទឹកដីខេត្តតំបន់ឆ្នេរនេះ បង្ហាញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ លោកស្រី សារា ហ្វយៀស្ទីន (Sara Feuerstein) ក៏បាននាំយកនូវសម្ភារសិក្សា ព្រមទាំងថវិកាមួយចំនួនចែកជូនដល់សិស្សានុសិស្សចំនួន១៤១នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន៧នាក់ ប្រកបដោយភាពស្និទ្ធស្នាលក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា៕

ដោយ ងូ សុមុនី





