អង្គការ NatureLife៖ ការធ្វើជំរឿនសត្វក្រៀល រកឃើញកត់ត្រាថ្មីចំនួនសត្វក្រៀលសរុប ២១៤ក្បាល ក្នុងប្រទេសកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- សកម្មភាពធ្វើជំរឿនសត្វក្រៀល នៅឆ្នាំ២០២៥ ដែលផ្សាយជាភាសាអង់គ្លេស អង្គការ NatureLife នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ របស់ខ្លួនបង្ហាញថា ក្រុមការងារ បានកត់ត្រាចំនួនសត្វក្រៀលសរុប២១៤ក្បាល ក្នុងប្រទេសកម្ពុជាដែលជាចំនួនខ្ពស់បំផុត បើគិតពីឆ្នាំ២០២០មក ដោយមានការកើនឡើងប្រមាណជា២០ភាគរយ បើធៀបនឹងលទ្ធផលឆ្នាំ២០២៤ កើន៣៥ភាគរយ។

លទ្ធផលជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា ដឹកនាំដោយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន និងអង្គការ NatureLife បានបង្ហាញអំពីលទ្ធផលវិជ្ជមានក្នុងឆ្នាំ២០២៥នៃការធ្វើជំរឿនសត្វក្រៀល ដែលជាប្រភេទសត្វកំពុងរងគ្រោះ ឈានទៅជិតផុតពូជនៅក្នុងពិភពលោក ដែលការធ្វើជំរឿនសត្វក្រៀល បានធ្វើឡើងជារៀងរាល់ឆ្នាំ នៅគ្រប់ទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា។

ការរាប់ចំនួនសត្វក្រៀលត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូ ដល់ខែឧសភា នៅទីតាំងចំនួន១៣សំខាន់ៗ ក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយមានការសម្របសម្រួលពីក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា(CSCWG)៕


ដោយ ណយ នឿន (ប្រភព៖ NatureLife)





