សមាជិកគណបក្ស ប្រជាពលរដ្ឋជួបការលំបាកខ្វះខាត និងពលករចំណាកស្រុកមកពីប្រទេសថៃទទួលបានអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត
AKP កំពង់ធំ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុក-ឃុំទៅសំណេះសំណាលសាកសួរសុខទុក្ខនិងនាំយកនូវអំណោយមនុស្សធម៌របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅឧបត្ថម្ភជូនក្រុមគ្រួសារសមាជិកគណបក្ស ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនិងពលករចំណាកស្រុកដែលបានវិលត្រឡប់មកពីប្រទេសថៃក្នុងពេលមានសង្គ្រាមចំនួន៣៥គ្រួសារនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជាដែលសម្ដេចទាំងទ្វេតែងតែព្រួយបារម្ភ និងគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់សមាជិកបក្សក៏ដូចជាប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ពិសេសប្រជាពលរដ្ឋភៀសសឹក និងបងប្អូនប្រជាពលករដែលចំណាកស្រុកត្រូវបានវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញ។ សម្ដេចលោកបានសូមជូនពរដល់បងប្អូន អ៊ុំ ពូ មីង ក្មួយៗ និងចៅៗទាំងអស់សូមទទួលបាននូវសុខភាពល្អនិងពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម សោម ស៊ុន បានផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅនៅតាមព្រំដែនកម្ពុជា-ថៃពិសេសការបាញ់ប្រហារ តាមគ្រប់រូបភាព។ ការទម្លាក់គ្រាប់បែកធុនធ្ងន់ និងគ្រាប់បែកចង្កោម ដែលច្បាប់អន្តរជាតិបានហាមឃាត់ តាមយន្តហោះប្រភេទF-16ក្នុងមហិច្ឆិតាឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃរបស់ទាហានថៃមកលើដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាតែត្រូវបានវីរយុទ្ធជនដ៏អង់អាចក្លាហាននៃកងយោធពលខេមរភូមិន្ទយើងស៊ូលះបង់អាយុជីវិត សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី មិនឱ្យខ្មាំងសត្រូវចូលឃ្លានពានបានឡើយ។វីរភាពដ៏អង់អាចក្លាហាននេះដែលយើងទាំងអស់គ្នាត្រូវចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។

ឯកឧត្តម សោម ស៊ុន ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗក្រោយពេលមានបទឈប់បាញ់ ដោយមានការសម្របសម្រួល ពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងតំណាងភាគីចិន ព្រមទាំងនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន។ដែលកិច្ចការនេះក្រោមការខិតខំប្រឹងប្រែងរកដំណោះស្រាយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែភាគីថៃ នៅតែរំលោភបំពានជាបន្តបន្ទាប់ តាមរយៈការចល័តកងកម្លាំងចូលក្នុងដែនអធិបតេយ្យភាពកម្ពុជា និងការរាយបន្លាលួស ដាក់កង់ឡាន ព័ទ្ធយកផ្ទះប្រជាជននៅខេត្តបន្ទាយមានជ័យលើដែនអធិបតេយ្យភាពកម្ពុជាដោយគ្មានការកោតក្រែងច្បាប់អន្តរជាតិនិងការគោរពតាមកិច្ចព្រមព្រៀងទាំង ១៣ចំណុច របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ដែលបានចុះហត្ថលេខារួចហើយនៅប្រទេសម៉ាឡេស៊ី។

នៅក្នុងឱកាសនោះ ឯកឧត្តម សោម ស៊ុន បានប្រគល់ជូនអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់ក្រុមគ្រួសារសមាជិកបក្ស ប្រជាពលរដ្ឋជួបកាលលំបាកខ្វះខាតនិងពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃសរុបចំនួន ៣៥គ្រួសារក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន០១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន០២យួរ ត្រីខកំប៉ុងចំនួន០១យួរ និងភួយដណ្ដប់០១ផងដែរ៕
ដោយ ស៊ុម វណ្ណា





