កិច្ចប្រជុំសាមញ្ញលើកទី១៥របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤
AKP កំពង់ឆ្នាំង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍នៅក្នុងកម្មវិធីបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកលោក អម សុភា អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយកនាយករងរដ្ឋបាលខេត្ត ប្រធានអង្គភាពជុំវិញខេត្ត និង អភិបាលក្រុងស្រុកទាំង៨ផងដែរ។

ក្នុងឱកាសនោះលោក អម សុភា ភិបាលអភិបាលរងខេត្ដកំពង់ឆ្នាំង បានអានខ្លឹមសាររបៀបវារៈរួមមាន៖ ១. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤។ ២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែសីហា និងទិសដៅបន្ត។ ៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឺក្សាខេត្តកំពង់ឆ្នាំង។ ៤. អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលជូនមន្ត្រីរាជការសាលាខេត្ត ប្រចាំខែសីហា ឆ្នាំ២០២៥។ ៥. ស្តាប់របាយការណ៍ប្រចាំខែសីហា និងទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៥ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និង៦.សេចក្តីផ្សេងៗ។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមទីសាធារណ: និងនៅតាមមូលដ្ឋានដើម្បីទទួលបាននូវសុខសុវត្ថិភាព ផ្សាភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបញ្ជាក់ទៀតថា តាមរយៈកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកសមាជិកា លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់បានបង្ហាញឱ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី១៥របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលល្អតាមការគ្រោងទុក។ សមាជិកក្រុមប្រឹក្សាទាំងអស់មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ត្រូវគិតគូជាចម្បងចូលរួមជាមួយរដ្ឋបាលខេត្តជួយបឧបត្ថម្ភជា ថវិកា សម្ភារប្រើប្រាស់ សម្ភារបរិក្ខាពេទ្យ គ្រឿងទេស ថ្នាំមូស និងគ្រឿងឧបភោគបរិភោគផ្សេងៗ តាមលទ្ធភាព ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ការពារបូរណភាពទឹកដី៕

ដោយ បៃ ស៊ីថុន





