ឯកឧត្តម ម៉ាង ស៊ីណេត អបអរសាទរខួបលើកទី៨០ ថ្ងៃបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
AKP ព្រះសីហនុ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥--ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអបអរសាទរខួបលើកទី៨០ ថ្ងៃបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ អភិបាលរងខេត្តកែប កោះកុង កំពត កំពង់ស្ពី និងខេត្តតាកែវ និងប្រធានមន្ទីរ អង្គភាព ភ្ញៀវជាតិ អន្តរជាតិ។

ឯកឧត្តម ឡាយ សួន ឈាន (LAI XUAN CHIEN) អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ បានថ្លែងអំណគុណឯកឧត្តមអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអភិបាលរងខេត្តទាំង៥ មាន ខេត្តកោះកុង កំពត កែប កំពង់ស្ពឺ និងតាកែវ បានមកចូលរួមអបអរសាទរខួបលើកទី៨០ នៃទិវាបុណ្យជាតិ នៃសាធារ ណរដ្ឋសង្គមនិយមវៀតណាមនៅលើទឹកដីកម្ពុជា (ខេត្តព្រះសីហនុ)។ រយៈពេល៨០ឆ្នាំ ប្រទេសវៀតណាមបានតស៊ូប្រយុទ្ធលះបង់ និងធ្វើពលកម្មមិនចេះនឿយ ហត់ ដើម្បីការពារខឿនឯករាជ្យ និងកសាងប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែលើកកម្ពស់ឥតឈប់ឈរ។ ចំណងការទូតប្រទេសវៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវខ្សែបន្ទាត់ការទូតឯករាជ្យ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការរីកចម្រើនមានលក្ខណៈពហុរូបភាព ពហុភាគីដោយធ្វើសមាហរណកម្មស៊ីជម្រៅក្នុងតំបន់ និងលើឆាកអន្តរជាតិ តាមទិសស្លោក វៀតណាមជាមិត្ត ជាដៃគូស្មោះត្រង់ និងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នាតាំងពីយូរយារណាស់មកហើយ។ ចំណងមិត្តភាពជាប្រពៃណី និងជួយគ្នាទៅវិញទៅមកដែលបុព្វបុរសជំនាន់មុនៗបានខិតខំកសាងពូនជ្រុំផ្តល់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងការអភិវឌ្ឍប្រទេសជាតិ។ តាងនាមស្ថានកុងស៊ុល និងសហគមន៍ បងប្អូនវៀតណាមសូមសម្តែងនូវអំណរគុណចំពោះការជួយគាំទ្រ និងការផ្តល់កិច្ចសហ ការពីថ្នាក់ដឹកនាំ នៃបណ្ដាខេត្តក្នុងមណ្ឌលកុងស៊ុល និងសហគមន៍បងប្អូនវៀតណាមកំពុងរកស៊ីទទួលទាន និងរស់នៅតាមមូលដ្ឋាន។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមចូលរួមអបអរសាទរទិវារំលឹកខួបលើកទី៨០ ថ្ងៃបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ០២ កញ្ញា ១៩៤៥ - ០២ កញ្ញា ២០២៥។ សូមសម្តែងនូវការកោតសរសើរចំពោះវីរភាព និងការខិតខំប្រឹងប្រែងរបស់ប្រជាជន និងកងទ័ពវៀតណាម ចំពោះការតស៊ូរំដោះជាតិចេញពីការឈ្លានពានរបស់ពួកចក្រព័ទ្ធនិយមប្រកបដោយជោគជ័យមានរយៈពេល៨០ឆ្នាំ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម សម្រេចបានសមិទ្ធផលជាច្រើនឥតគណនាគួរជាទីមោទកនាំមកនូវវឌ្ឍនភាព វិបុលភាព និងជីវភាពរស់នៅកាន់តែសម្បូរឡើងថែមទៀត។ ការរីកចម្រើនបានលើកកម្ពស់កិត្យានុភាពវៀតណាមទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិបានរួមចំណែកដល់សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ កម្ពុជា និងវៀតណាមបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការមានរយៈពេល៥៨ឆ្នាំ ការលើកកម្ពស់ពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងជាការដឹងគុណរវាងប្រជាជននៃប្រទេសទាំងពីរ។ វៀតណាមដឹងគុណ និងចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាមក្នុងអំឡុងទសវត្សរ៍៦០-៧០។ រីឯកម្ពុជាដឹងគុណនឹងចងចាំចំពោះពលិកម្មរបស់កងទ័ព និងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនៅទសវត្សរ៍៧០-៨០។ ការទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាមត្រូវបានលើកកម្ពស់ និងពង្រឹងឥតឈប់ឈរតាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្រោមបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិរន្តរយូរអង្វែង” សម្រាប់ប្រជាជននៃប្រទេសទាំងពីរដោយឈរ លើនិរន្តរភាព និងសង្គតិភាព នឹងបន្តពូនជ្រំចំណងមិត្តភាព ពង្រឹង ពង្រីកកិច្ចសហប្រតិ បត្តិការរវាងស្ថាប័នគ្រប់កម្រិតទាំងក្នុងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សំដៅធានាបាននូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ និងដោយឡែកខេត្តព្រះសីហនុ ខេត្តគៀនយ៉ាង ខេត្តបាក់លីវ និងខេត្តហៃហ្វុង៕
ដោយ ងូ សុមុនី





