អង្គការ CI ដាក់ស្លាកឈ្មោះដើមឈើកម្រមេពូជ ៣៤៥ ដើមកំពុងរងគ្រោះថ្នាក់ស្ថិតក្នុងបញ្ជីក្រហម អង្គការ IUCN នៅសហគមន៍នេសាទចំនួនប្រាំក្នុងបឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- ប្រភពពីអង្គការ CI បានឱ្យដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ថា ស្លាកឈ្មោះឈើមេពូជចំនួន ៣៤៥ ដើមត្រូវបានដំឡើងនៅលើដើមឈើកម្រកំពុងរងគ្រោះថ្នាក់ជិតផុតពូជក្នុងបញ្ជីក្រហម អង្គការ IUCN នៅសហគមន៍នេសាទចំនួនប្រាំក្នុងបឹងទន្លេសាប រួមមានសហគមន៍នេសាទអូរតាប្រុក ផាត់សណ្តាយ កោះព្រែករាំងទិល ស្រីចឹក និងសហគមន៍ការពារតំបន់ធម្មជាតិបាឡត ដែលស្ថិតក្នុងខេត្តកំពង់ធំ និងពោធិ៍សាត់ នាពេលកន្លងទៅ។

ការដំឡើងស្លាកឈ្មោះដើមឈើមេពូជនេះត្រូវបានធ្វើឡើងដោយអង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) ដោយមានការចូលរួមពីគណៈកម្មការសហគមន៍ផងដែរ។ ការដំឡើងស្លាកឈ្មោះមេពូជនេះត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីឈ្មោះរុក្ខជាតិកម្រ និងដើម្បីសម្រួលដល់ការការពារប្រភេទរុក្ខជាតិកម្រដល់សហគមន៍មូលដ្ឋាន និងទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់នោះ ជាពិសេសនារដូវប្រាំង។

សូមជម្រាបថា អង្គការ CI បានធ្វើការនៅតំបន់បឹងទន្លេសាបតាំងពីឆ្នាំ២០០៨ មក ដើម្បីធានាថាបឹងទន្លេសាប និងតំបន់ទំនាបលិចទឹក នៅតែជាប្រព័ន្ធអេកូឡូស៊ីទឹកសាបដែលមានសុខភាពល្អ ហើយអាចទ្រទ្រង់ប្រជាជន សត្វព្រៃ និងសេដ្ឋកិច្ចរបស់កម្ពុជាបាន។ បច្ចុប្បន្ន អង្គការ CI កំពុងអនុវត្តកម្មវិធីអភិរក្សជាច្រើនរួមមានការដាំស្តារព្រៃឈើឡើងវិញ ការល្បាតតំបន់ប្រភេទដើមឈើកម្រ ផ្សព្វផ្សាយ តាមដានប្រភេទដើមឈើកម្រ និងការបង្កើតក្រុមប្រាក់សន្សំ ដើម្បីជាយន្ដការគាំទ្រជីវភាពយូរអង្វែងសម្រាប់សហគមន៍៕


ដោយ ណយ នឿន (ប្រភព៖ CI)





