ក្រសួងវប្បធម៌រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានរៀបចំ “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល” ក្រោមអធិបតីភាពរបស់ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីប្រមូលធាតុចូលថ្មីបន្ថែមទៀតឱ្យមានសង្គតិភាពជាមួយច្បាប់ជាតិ អនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរីនានាពាក់ព័ន្ធនឹងសិទ្ធិអ្នកនិពន្ធដែលកម្ពុជាបានចូលជាភាគី ក៏ដូចជាស្របតាមគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញានិងបរិបទយុគសម័យបច្ចេកវិទ្យាឌីជីថល។

ក្នុងសិក្ខាសាលាក៏មានការចូលរួមពីឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមពីអ្នកជំនាញច្បាប់ សមាជិក សមាជិកានៃគណៈមេធាវី និស្សិតមេធាវី និងអ្នកពាក់ព័ន្ធ នៅគណៈមេធាវីព្រះរាជាណាចក្រកម្ពុជា៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





