អ្នកនាំពាក្យក្រសួងការបរទេស បដិសេធយ៉ាងដាច់អហង្កការនូវការចោទប្រកាន់របស់ថៃ ស្ដីពីការដាក់មីនថ្មី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥--ជាថ្មីម្ដងទៀត ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបដិសេធយ៉ាងដាច់អហង្កការនូវការចោទប្រកាន់របស់ថៃ ស្ដីពីការដាក់មីនថ្មី ដោយបានអះអាងអំពីការគោរពដ៏ពេញលេញរបស់កម្ពុជាចំពោះអនុសញ្ញា អូតាវ៉ា ដែលកម្ពុជា ជារដ្ឋភាគីតាំងពីឆ្នាំ២០០០មក គឺកម្ពុជាពុំដែលមានការអនុញ្ញាតឱ្យដាក់មីនថ្មីនោះឡើយ។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសយ៉ាងដូច្នេះធ្វើឡើងក្នុងការសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទ ឈប់បាញ់រវាងកម្ពុជា-ថៃ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម អ្នកនាំពាក្យក្រសួងការបរទេស បានបន្ថែមថា ក្រសួងការបរទេស សូមលើកឡើងជាថ្មីម្ដងទៀតថា គោលដៅរបស់កម្ពុជាគឺធានាសុវត្ថិភាពប្រជាជនស៊ីវិល ជំរុញការបោសសម្អាតមីនមនុស្សធម៌ ហើយនិងរក្សាសន្តិភាព និងស្ថេរភាព នៅតាមបណ្ដោយព្រំដែនរួម។ កម្ពុជានៅតែមានការប្ដេជ្ញាចិត្តដ៏ជ្រាលជ្រៅនូវកិច្ចព្រមព្រៀងឈប់បាញ់ ហើយនិងស្មារតីជាអ្នកជិតខាងល្អ បានប្រកាន់យកជាប់ជានិច្ចនូវមធ្យោបាយសន្តិវិធី ដើម្បីដោះស្រាយព្រំដែនតាមរយៈយន្តការទ្វេភាគី ហើយនិងក្របខណ្ឌអាស៊ាន។
បើតាម ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេស ប្រទេសទាំងពីរគួរតែធ្វើការជាមួយគ្នាដើម្បីលើកស្ទួយ ការកសាងជំនឿទុកចិត្តកាត់បន្ថយភាពតានតឹង ហើយនិងកិច្ចសហប្រតិបត្តិការជាជាងសាបព្រោះនូវការចោទប្រកាន់ដែលមានហានិភ័យធ្វើឱ្យភាពតានតឹងកើតឡើង៕
ដោយ៖ គង់ សិរីរ័ត្ន





