មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិនិងបូរណភាពទឹកដី
AKP កំពង់ធំ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥-- នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗស្ដីពីសង្គ្រាមឃ្លានពានកម្ពុជា និងការរំលោភបទឈប់បាញ់ពីសំណាក់ភាគីថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីយោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំជាច្រើននាក់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងចំនួន១៣ចំណុចនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាចុះហត្ថលេខាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) របស់ប្រមុខក្រសួងការពារជាតិទាំងពីរ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅ និងសកម្មភាពជាក់ស្ដែងនៃការរំលោភបទឈប់បាញ់យ៉ាងគឃ្លើនជាបន្តបន្ទាប់របស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានចល័តកងទ័ព រាយបន្លាលួសដាក់កង់ឡាន ហ៊ុព័ទ្ធផ្ទះប្រជាពលរដ្ឋនៅពេលថ្មីៗកន្លងទៅ តែវីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ក្រោមការដឹកនាំបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ សម្តេចធិបតី និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ បានធ្វើការអត់ធ្មត់ក្នុងកម្រិតខ្ពស់ ដើម្បីគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលមានការគាំទ្រនិងសម្របសម្រួលពីរឯកឧត្តម ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងតំណាងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេនផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ ត្រូវបន្តត្រៀមខ្លួននិងគ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ និងការពារបូរណភាពទឹកដី។

ជាមួយនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ត្រូវពហិការមិនត្រូវប្រើប្រាស់ផលិតផល ឬទំនិញថៃ និងត្រូវផ្សព្វផ្សាយជូនប្រជាពលករយើងដែលបានវិលត្រឡប់មកពីប្រទេសថៃវិញឱ្យគាត់បានយល់ជ្រូតជ្រាបអំពីសេចក្តីប្រកាសរបស់ក្រសួងការងារ ដែលមានកន្លែងធ្វើការងាររាប់ម៉ឺនកន្លែងទទួលបងប្អូន ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យគាត់រកការងារធ្វើនៅក្នុងប្រទេសមានចំណូលសមរម្យ និងបង្កើនសេដ្ឋកិច្ចជាតិ រួមចំណែកក្នុងការកសាងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជារបស់យើង ក្នុងសុខសន្តិភាពឱ្យមានការអភិវឌ្ឍរីកចម្រើនរុងរឿងថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





