ឯកឧត្តម ឆាយ ឫទ្ធិសែន ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់កងទ័ព ព្រមទាំងក្រុមគ្រួសារកងទ័ព នៃកងពលតូចថ្មើរជើងលេខ៥២ ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសហការីក្រសួង អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២ ព្រមទាំងក្រុមគ្រួសារកងទ័ព ដែលបានចងជាសម្ព័ន្ធមេត្រីជាមួយក្រសួង ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍ក្នុងពិធីសំណេះសំណាលនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមសេនីយ៍
ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើជើងលេខ៥២ អំពីតួនាទី ភារកិច្ច និងការប្ដេជ្ញាចិត្តរបស់កងទ័ពរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងបានសម្ដែងនូវការដឹងគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើជើងលេខ៥២ ដែលតែងតែតស៊ូមិនរាថយ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការពារសុខសន្តិភាពជូនជាតិ មាតុភូមិ។


ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វីរកងទ័ពគ្រប់លំដាប់ ព្រមទាំងក្រុមគ្រួសារកងទ័ទាំងអស់ផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានជម្រាបជូនអំពីការចូលរួមចំណែក និងការយកចិត្តទុកដាក់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះសុខទុក្ខរបស់កងយោធពលខេមរភូមិន្ទ តាមរយៈការចង់សម្ព័ន្ធមេត្រីភាព ដោយជានិច្ចកាលតែងតែចុះជួបសំណេះសំណាល និងឧបត្ថម្ភជាសំភារៈចំបាច់ផ្សេងៗដែលអង្គភាពត្រូវការ។

ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានប្រកាសថ្កោលទោសចំពោះការឈ្លានពានដោយខុសច្បាប់ និងដោយចេតនារបស់កងទ័ពថៃ មកលើដែនអធិបតេយ្យនៃកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់គាំទ្រនិងជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងបន្តនូវស្មារតីរួបរួមជាធ្លុងមួយជាខឿនការពារជាតិដ៏រឹងមាំ និងជាខ្នងបង្អែករបស់សមរភូមិមុខ ស្របនិងពាក្យ “សមរភូមិក្រោយ គាំទ្រសមរភូមិមុខ” ព្រមទាំងជូនពរឱ្យវីរយុទ្ធជនជួបតែសេចក្តីសុខ និងទទួលជ័យជម្នះលើសត្រូវឈ្លានពាន ។


នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់កងពលតូចថ្មើរជើងលេខ៥២ រួមមាន៖ អង្ករ ៣តោន, មី ១០០កេស, ស្កសរ ២០០គ.ក្រ, ទឹកត្រី ៥០យួរ, ទឹកស៊ីអ៊ីវ ៥០យួរ, ប្រេងឆា ១៥០លីត្រ, ទឹកសុទ្ធ ៥០កេស, នំអន្សម ៥០០នំ ថវិកាចំនួន ២០លានរៀល និងថវិកា៦០២០ដុល្លាអាមេរិកសម្រាប់កសាងលេណដ្ឋានចំនួន ២ កន្លែង ព្រមទាំងម៉ាស់ការពារផ្សែងពុលចំនួន ១០០០ ឈុតផងដែរ តាមសំណូមពររបស់កងពលតូចថ្មើរជើងលេខ៥២ ។ ដោយឡែកសម្រាប់ក្រុមគ្រួសារកងទ័ព ចំនួន ២៥៧គ្រួសារ ឯកឧត្ដមរដ្ឋមន្ត្រីបានប្រគល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គ.ក្រ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ២លីត្រ, ក្រម៉ា ១, សារ៉ុង ១, សាប៊ូ ១កញ្ចប់, សំឡីអនាម័យនារី ១កញ្ចប់, និងថវិការចំនួន ១០ម៉ឺនរៀល៕

ដោយ៖ ប៊ុនរិទ្ធ ,ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ





