អគ្គលេខាធិការនៃអង្គការបេះដូងមាស៖ ការប្រើប្រាស់អ៊ែបតេស្តកាយសម្បទានឹងក្លាយជាមូលដ្ឋានសម្រាប់វាស់វែងសមត្ថភាពរាងកាយរបស់សិស្សានុសិស្សនៅកម្ពុជា
AKP សៀមរាប ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦-- អង្គការមិនមែនរដ្ឋាភិបាលបរទេស បេះដូងមាស បានបើកសិក្ខាសាលាស្តីពី “ការប្រើប្រាស់អ៊ែបតេស្តកាយសម្បទា ក្នុងគម្រោងអភិវឌ្ឍន៍គុណភាព គ្រឹះស្ថានឧត្តមសិក្សាអប់រំ គ្រូបង្រៀនអប់រំកាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ដែលមានរយៈពេល៣ថ្ងៃ ចាប់នៅថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នៅកីឡដ្ឋានខេត្តសៀមរាប។

លោក នីស៊ីយ៉ាម៉ា ណាអូគិ អគ្គលេខាធិការនៃអង្គការមិនមែនរដ្ឋាភិបាលបរទេស បេះដូងមាស បានថ្លែងថា សិក្ខាសាលានៅថ្ងៃនេះ និងណែនាំអំពីសារៈសំខាន់នៃតេស្តកាយសម្បទា វិធីប្រមូលទិន្នន័យ និងប្រព័ន្ធតេស្តកាយសម្បទា។ លើសពីនេះ បើគ្រូបង្រៀនមិនអាចប្រើប្រព័ន្ធនេះបានទេ លទ្ធផលតេស្តកាយសម្បទានឹងមិនត្រូវបានប្រមូល ហើយទិន្នន័យនឹងមិនត្រូវបានរក្សាទុកនៅក្រសួងអប់រំ យុវជន និងកីឡានោះទេ។ ដូច្នេះ ការផ្សព្វផ្សាយព័ត៌មានអំពីប្រព័ន្ធ កម្មវិធី និងវិធីប្រមូលទិន្នន័យទៅកាន់គ្រូបង្រៀន តាមសាលារៀន និងខេត្តផ្សេងៗ គឺមានសារៈសំខាន់ខ្លាំងសម្រាប់ការអភិវឌ្ឍអប់រំកាយនៅកម្ពុជា។ ជាមួយគ្នានេះ បើលោកគ្រូអ្នកគ្រូចេះប្រើប្រាស់ប្រព័ន្ធតេស្តកាយសម្បទានេះ ទិន្នន័យលទ្ធផលទាំងនេះនឹងក្លាយជាមូលដ្ឋានសម្រាប់វាស់វែងសមត្ថភាពរាងកាយរបស់សិស្សានុសិស្សនៅកម្ពុជា។ ហើយទិន្នន័យនឹងត្រូវបានរក្សាទុកនៅក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិ។ ការអភិវឌ្ឍនូវសមត្ថភាពគ្រូបង្រៀនអប់រំកាយ និងកីឡា ត្រូវបានចាត់ទុកជាកត្តាយ៉ាងសំខាន់ក្នុងការផលិតគ្រូ ដែលមានសមត្ថភាព និងទាមទារឱ្យគ្រូបង្រៀនមានចំណេះដឹង បំណិន សមត្ថភាព បច្ចេកវិទ្យា និងស្មារតីទទួលខុសត្រូវស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន។ ជាក់ស្តែងនៅថ្ងៃនេះអង្គការមិនមែនរដ្ឋាភិបាលបរទេស បេះដូងមាស បានបើកសិក្ខាសលា ស្តីពី “ការប្រើប្រាស់អ៊ែបតេស្តកាយសម្បទា” ជូនដល់សិក្ខាកាមមកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងសិក្ខាកាមក្នុងខេត្តសៀមរាប ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីរបៀបវាស់វែងទិន្នន័យកាយសម្បទា(PFT) នៅតាមសាលារៀន និងការបញ្ចូលទិន្នន័យ ទៅក្នុងប្រព័ន្ធតេស្តកាយ សម្បទា ក៏ដូចជាការឈ្វេងយល់ពីរបៀបប្រើប្រាស់ប្រព័ន្ធតេស្តកាយសម្បទាសម្រាប់គរុនិស្សិត វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរៀបចំផែនការផ្សព្វផ្សាយតេស្តកាយសម្បទានៅគ្រប់សាលារៀនក្នុងខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗទៀត។

ឯកឧត្តមបានជំរុញឱ្យសិក្ខាកាមទាំងអស់ត្រូវយកស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមសិក្សាតាមកម្មវិធីដែលបានរៀបចំឱ្យបានគ្រប់ៗគ្នា ធ្វើយ៉ាងណាទទួលបានលទ្ធផលល្អ និងត្រូវយកចិត្តទុកដាក់ក្នុងការក្រេបយកចំណេះដឹងថ្មីៗដែលគ្រូឧទ្ទេសបានផ្តល់ឱ្យ ដើម្បីទទួលបានចំណេះដឹងបន្ថែម សម្រាប់បំពេញតួនាទី ក្នុងអាជីពជាគ្រូបង្រៀនឱ្យបានល្អប្រសើរស្របតាមស្តង់ដារនៃការរៀន និងការបង្រៀន ព្រមទាំងឆ្លើយតបទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព៕
ដោយ ឃុត សៅ





