ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ បន្តជំរុញយន្តការតាមដាន និងពង្រឹងសីលធម៌មន្ត្រី ដើម្បីប្រសិទ្ធភាពសេវាសាធារណៈ
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦-- ក្នុងស្មារតីពង្រឹងអភិបាលកិច្ចល្អ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានក្លាយជាវេទិកាដ៏សំខាន់ក្នុងការត្រួតពិនិត្យវឌ្ឍនភាពការងារ និងការដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរឹងមាំ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

ក្នុងឱកាសនោះ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងបម្រើផលប្រយោជន៍ជាតិ និងប្រជាជននាពេលកន្លងមក។

ឯកឧត្តមបានសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចប្រជុំនេះថា កិច្ចប្រជុំសាមញ្ញនេះមិនមែនគ្រាន់តែជាការជួបជុំតាមទម្លាប់នោះទេ ប៉ុន្តែវាគឺជាវេទិកាតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារដែលបានដាក់ចេញ។ យើងធ្វើបែបនេះ ដើម្បីធានាថា រាល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ គឺពិតជាមានប្រសិទ្ធភាព និងឆ្លើយតបចំគោលដៅទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ទន្ទឹមនឹងការពិនិត្យលើរបាយការណ៍វឌ្ឍនភាព លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត ក៏បានលើកឡើងពីទិដ្ឋភាពនៃការលើកកម្ពស់សីលធម៌វិជ្ជាជីវៈ និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានភាពរហ័សរហួន។ លោកបានបញ្ជាក់ថា ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រី គឺជាយន្តការមួយក្នុងការជំរុញស្មារតីការងារឱ្យកាន់តែសកម្ម។

លោកបានមានប្រសាសន៍ជំរុញថា មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវបន្តពង្រឹងសមត្ថភាព និងរបៀបរបបការងារ។ត្រូវយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហាទុក្ខកង្វល់របស់ពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់។ បន្តរក្សាឱ្យបាននូវសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគ្រឹះនៃការរស់នៅរបស់ប្រជាជន។

ជាលទ្ធផល កិច្ចប្រជុំបានអនុម័តលើរបៀបវារៈសំខាន់ៗ និងបានដាក់ចេញនូវទិសដៅការងារសម្រាប់ខែបន្តបន្ទាប់ ដោយផ្តោតសំខាន់លើការជំរុញវឌ្ឍនភាពខេត្តបន្ទាយមានជ័យឱ្យរីកចម្រើនលើគ្រប់វិស័យ។ ផែនការសកម្មភាពទាំងនេះត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដើម្បីឱ្យស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្តោតលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕
ដោយ ឈុន សារ៉ាត





