កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ប្រជុំបូកសរុបលទ្ធផលការងារសាខាប្រចាំឆមាសទី ១ ឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត
AKP ភ្នំពេញ ថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៥---
នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី ១ និងលើកទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោក លោកស្រី លេខាធិការ ហេរញ្ញិក សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា ក្រុង ស្រុកទាំង ៩ និងក្រុមប្រតិបត្តិសាខាសរុបចំនួន១៨ នាក់ ។
ក្នុងគោលបំណង គឺដើម្បីបូកសរុបលទ្ធផលសកម្មភាពការងារដែលសម្រេចបាន និងការងារហិរញ្ញវត្ថុក្នុងឆមាសទី ១ ឆ្នាំ ២០២៥និង លើកទិសដៅការងារបន្ត ការពិភាក្សាការការងាររៀបចំសន្និបាតសាខាអាណត្តិទី៦ និងបញ្ហាប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ ធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខា ។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿនបានបញ្ជាក់ថា ៖រយៈពេល ៦ ខែដើមឆ្នាំ ២០២៥ នេះ សាខា និងអនុសាខាក្រុងស្រុកទាំង ៩ បាននឹងកំពុងអនុវត្តការងារតាមផែនការប្រចាំឆ្នាំ ២០២៥ ស្របតាមយុទ្ធសាស្ត្រ ២០២១-២០៣០ ដោយផ្តោតទៅលើវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ។

ឯកឧត្តមបានសំដែងនូវការកោតសរសើរចំពោះ ការខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីទទួលខុសត្រូវចូលរួមយ៉ាងសកម្ម ក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង ស្រុក ក្រុមកាកបាទក្រហមឃុំ សង្កាត់ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមគ្នាដោះស្រាយឆ្លើយតបដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត បានទាន់ពេលវេលា ដោយមិនគិតពីពេលវេលា និងការនឿយហត់ឡើយ ។


ឯកឧត្តម ញ៉ែម សំអឿន បានក្រើនរំលឹក និងជំរុញអំពីការងារមួយចំនួនសម្រាប់អនុវត្តបន្ត ពិសេសការងារត្រៀមរៀបចំសន្និបាតសាខាអនុសាខា សម្រាប់អាណត្តិទី៦ និងបន្តយកចិត្តទុកដាក់ ធ្វើអោយការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ទៅនឹងអាកាសធាតុ កែទម្លាប់រស់នៅឱ្យបានល្អ ដើម្បីជៀសផុតពីជំងឺមិនឆ្លង និងជំងឺឆ្លងនានា ព្រមជាមួយការបន្តសហការចុះអប់រំផ្សព្វផ្សាយលើកកម្ពស់អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយនឹងការជំរុញការអភិវឌ្ឍន៍និងលើកទឹកចិត្ត ដល់បណ្តាញយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករជួរមុខ មិនអាចខ្វះបាន ក្នុងការចូលរួមអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា។

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖កាកបាទក្រហមកម្ពុជា)





