ឯកឧត្តម គន់ គីម អញ្ជើញប្រារព្ធទិវាអតីតយុទ្ធជនលើកទី១៩ និងសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនថ្មី តម្លៃជាង១០ម៉ឺនដុល្លារ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ២០២៦ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះវិហារ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុងស្រុកទាំង៨ សមាគមអតីតយុវជន និងនិវត្តជនកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ស្ថិតនៅទីស្នាក់ការថ្មី ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ថា ការប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជានាពេលនេះគឺដើម្បីរំលឹកគុណបងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដីជូនជាតិមាតុភូមិទទូលបានសុខសន្តិភាពរហូតបច្ចុប្បន្ននេះ។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្ដ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារបូរណភាពទឹកដីការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានសន្តិភាព និងការអភិវឌ្ឍសេដ្ធកិច្ច និងសង្គមដើម្បីឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានបន្តថា នៅពេលនេះខេត្តព្រះវិហារ បានធ្វើការសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនថ្មី តម្លៃជាង១០ម៉ឺនដុល្លារ មានទំហំ៦១៨.៨ម៉ែត្រការេ មាន៩បន្ទប់ សង់លើផ្ទៃដី៨៥០០០ម៉ែត្រការេ ដែលចាប់ផ្តើមសាងសង់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ និងសង់រួចរាល់ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម គន់ គីម មានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងការដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ប្រធានសមាគម និង សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់។ ពិធីសម្ពោធនេះ គឺជាការរំលឹកយ៉ាងច្បាស់នូវការគោរពដ៏ខ្ពង់ខ្ពស់របស់ជាតិចំពោះវីរភាពរបស់អ្នកដែលបានបម្រើជាតិ និងធានាថាស្មារតីនៃការស្វែងរកសន្តិភាព នៅតែជាស្នូលនៃការអភិវឌ្ឍប្រទេសកម្ពុជាជានិរន្តរ៍៕
ដោយ ទិត ស្រ៊





