កម្លាំងយុវជន និងក្រុមកីឡាករល្បីៗ ដាំកូនឈើ១ពាន់ដើម និងចែកអំណោយដល់កុមារនៅតំបន់ស្នាក់នៅបណ្តោះអាសន្ន ពលរដ្ឋភៀសសឹកក្នុងស្រុកស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦--ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងការលើកកម្ពស់សុខុមាលភាពកុមារនៅតាមតំបន់ដាច់ស្រយាល ក្រោមផ្ទៃមេឃស្រឡះ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ លោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្ត បានដឹកនាំយុទ្ធនាការដាំកូនឈើ និងសកម្មភាពមនុស្សធម៌យ៉ាងសកម្ម នៅតំបន់ស្នាក់នៅបណ្តោះអាសន្ន របស់ពលរដ្ឋភៀសសឹកក្នុងឃុំស្លក្រាម ស្រុកស្វាយចេក។

ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីប្រតិភូអមដំណើររដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងសមាជិក សមាជិកា ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់។ អ្វីដែលកាន់តែពិសេសនោះ គឺមានការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ក្រុមកីឡាបាល់ទាត់តារាកម្ពុជា (CFSS) ដែលបាននាំមកនូវស្នាមញញឹមដល់កុមារៗ និងប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

ក្នុងឱកាសនោះ លោក កែ សួនសុភាព ក្នុងនាមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក បានដឹកនាំសកម្មភាពដាំកូនឈើចម្រុះចំនួនជាង ១,០០០ដើម នៅជុំវិញទីតាំងសាលារៀន និងខ្នងផ្ទះបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋភៀសសឹក។ សកម្មភាពនេះមិនត្រឹមតែជាការកសាងគម្របបៃតងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការអនុវត្តជាក់ស្តែងនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើសសរស្តម្ភ៣សំខាន់គឺ«ភាពស្អាត ភាពបៃតង និងចីរភាព»។

ក្រៅពីសកម្មភាពបរិស្ថាន លោកអភិបាលរងខេត្ត និងក្រុមការងារ ក៏បានជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយសិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលារៀនបណ្តោះអាសន្ន ក្នុងនោះ ក្រុមការងារបានរៀបចំកម្មវិធីចែកនំ និងទឹកផ្លែឈើ Yeo's ដល់កុមារៗទាំងអស់ ដើម្បីជួយសម្រាលការលំបាក និងផ្តល់កម្លាំងចិត្តដល់ពួកគេក្នុងការបន្តការសិក្សា ទោះស្ថិតក្នុងស្ថានភាពស្នាក់នៅបណ្តោះអាសន្នក៏ដោយ។

លោក កែ សួនសុភាព បានលើកឡើងថា ការចុះមកមូលដ្ឋាននាពេលនេះ គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងមន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ការដាំដើមឈើនៅថ្ងៃនេះ គឺជាការវិនិយោគសម្រាប់អនាគតកូនចៅយើង ដើម្បីទទួលបាននូវបរិស្ថានរស់នៅល្អប្រសើរ ហើយការផ្តល់ភាពកក់ក្តៅដល់សិស្សានុសិស្សនៅទីនេះ គឺជាបេសកកម្មចម្បងដែលយើងត្រូវធ្វើដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។ សកម្មភាពនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសាមគ្គីភាពដ៏រឹងមាំរវាងថ្នាក់ដឹកនាំ យុវជន និងសិល្បករកីឡាករ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម និងការងារមនុស្សធម៌ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ៕
ដោយ ឈុន សារ៉ាត





