អភិបាលរងស្រុកស្ទោងលើកទឹកចិត្តអាជ្ញាធរឃុំចំណាលើ ត្រូវបើកធ្វើផ្លូវឱ្យបានធំទូលាយដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងសុវត្ថិភាព
AKP កំពង់ធំ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ -- លោកសួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរឃុំចំណាលើ ត្រូវបើកធ្វើផ្លូវឱ្យបានធំទូលាយ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងសុវត្ថិភាព។ លោក សួគ៌ ប៊ុនធង បានលើកឡើងដូច្នេះក្នុងពិធីដេញថ្លៃគម្រោងសាងសង់ផ្លូវក្រួសក្រហម ៤ខ្សែ នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៦ ខែឧសភាឆ្នាំ ២០២៦។

លោកអភិបាលរងស្រុកបានមានប្រសាសន៍សង្កត់ធ្ងន់ថា ទាំងផ្លូវដែលកំពុងដាក់ដំណើរការដេញថ្លៃនៅក្នុងឱកាសនេះ និងផ្លូវផ្សេងៗទៀតនៅក្នុងឃុំ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏ចាំបាច់ និងមានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់កសិករពីស្រែចម្ការទៅកាន់ទីផ្សារ។ ទន្ទឹមនឹងនេះ លោកអភិបាលរងស្រុកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវ ត្រូវបន្តចូលរួមថែរក្សាការពារធ្វើអនាម័យ ជាពិសេសកុំរំលោភបំពានចំណីផ្លូវ ថែមទាំងថែរក្សាប្រពន្ធលូឱ្យបានល្អដើម្បីរំដោះទឹកបញ្ចៀសការកកស្ទះ និងកុំឱ្យមានការខូចខាតផ្លូវ។

លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោងបានកោតសរសើរខ្ពស់ដល់ដំណើរការដេញថ្លៃនេះ ដែលបានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាច្រើនអង្គភាព ហើយបានណែនាំម្ចាស់ក្រុមហ៊ុនជាអ្នកឈ្នះក្នុងកាដេញថ្លៃ និងទទួលបានការធ្វើផ្លូវនេះ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យា ដើម្បីធានាបាននូវសំណង់ និងផ្លូវប្រកបដោយគុណភាព ទាន់ពេលវេលា និងប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា គម្រោងមូលនិធិឃុំឆ្នាំ២០២៦ ដែលសាងសង់ផ្លូវក្រួសក្រហមប្រវែង ១.៨០០ម៉ែត្រទទឹង ៦ម៉ែត្រ កម្រាស់ក្រួសក្រហម ០,១៥ម៉ែត្រ កម្ពស់ដីស ០,៥ម៉ែត្រ លូទោលចំនួន ៣កន្លែង និងស្លាកសញ្ញាគម្រោង ១កន្លែងជាមួយនឹងតម្លៃប៉ាន់ស្មានជាង ១៩៨លានរៀល៕
ដោយ៖ ស៊ុម វណ្ណា





