ពិធីបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងខេត្តតាកែវ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
AKP តាកែវ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦--សាលាគណខេត្តតាកែវបានរៀបចំពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ នៅទូទាំងខេត្តតាកែវ ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចព្រះឧត្តមបញ្ញាបណ្ឌិត ដូង ផង់ ព្រះអនុប្រធានថេរសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ឯកឧត្តម ឈិត សុគន្ធី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្តតាកែវ ព្រះបាឡាត់គណខេត្តតាកែវ អនុគណក្រុង-ស្រុក មន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះសង្ឃ តំណាងក្រសួងធម្មការ និងសាសនា អភិបាលរងខេត្តតាកែវ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សាមណសិស្ស និស្សិត សិស្សានុសិស្ស ក្រុមយុវជន យាយជី តាជី និងពុទ្ធបរិស័ទ ចូលរួមជាច្រើនអង្គ/នាក់។ ពិធីនេះប្រារព្ធឡើងនៅវត្តសីហរតនារាម ស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦។

សម្ដេចព្រះឧត្តមបញ្ញា ដូង ផង់ ព្រះអនុប្រធានថេរសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានមានសង្ឃដីកាថា ការខិតខំប្រឹងប្រែងរៀនសូត្រ និងរក្សាបាននូវច្បាប់វិន័យរបស់សាមណសិស្ស និងព្រះសង្ឃ គឺជាការចូលរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើន និងមានសេចក្ដីថ្លៃថ្នូរជូនជាតិមាតុភូមិ ព្រោះពុទ្ធសាសនាជាមូលដ្ឋានគ្រឹះនៃចរិយាធម៌ គុណធម៌ សីលធម៌ និងការពង្រឹងនូវគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ ដើម្បីឱ្យកិច្ចការព្រះពុទ្ធសាសនាមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវការសាមគ្គីភាពក្នុងជួរពុទ្ធសាសនិកជន ជាប្រការដ៏សំខាន់បំផុត។

សម្ដេចព្រះឧត្តមបញ្ញា ដូង ផង់ បានមានសង្ឃដីកាបន្តថា តាមរយៈការសិក្សាធម៌វិន័យ ប្រទេសជាតិទទួលបាននូវអ្នកមានចំណេះដឹងជាច្រើន ជាពហុស្សូតដែលជាសសរទ្រូងដ៏រឹងមាំ ក្នុងការរួមចំណែកថែរក្សាការពារវប្បធម៌ ប្រពៃណី អារ្យធម៌ តាមគន្លងព្រះពុទ្ធសាសនា ជាអត្តសញ្ញាណជាតិ។ការយកចិត្តទុកដាក់សិក្សាផ្នែកព្រះពុទ្ធសាសនា ការចាំបាច់ត្រូវពង្រឹងពង្រីកពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ដោយប្រកាន់យកនូវពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ សម្រាប់អប់រំចរិយាធម៌និងស្មារតី។ជម្រុះចោលការលោភលន់ ការច្រណែននិន្ទា គំនុំគំកួន និងអំពើហិង្សាទាំងឡាយ ដែលធ្វើឱ្យបាត់បង់គុណតម្លៃ គុណប្រយោជន៍ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូល។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវិស័យសាសនា ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល កសាងនូវសន្តិភាពផ្លូវចិត្ត ជូនដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ។ រដ្ឋបាលខេត្តតាកែវតែងតែតម្កល់វិស័យពុទ្ធសាសនាជាអាទិភាពចម្បង "ពុទ្ធចក្រ និងអាណាចក្រ គឺជាកម្លាំងដែលមិនអាចខ្វះបាន ហើយត្រូវតែដើរទន្ទឹមគ្នា ដើម្បីធានាបាននូវការរីកចម្រើនទាំងផ្នែកស្មារតី និងសម្ភារ"។

ឯកឧត្តម វ៉ី សំណាង បានដាក់ចេញនូវសេចក្តីណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តសហការជិតស្និទ្ធ និងបង្កលក្ខណៈងាយស្រួលដល់គណៈសង្ឃក្នុងការបំពេញភារកិច្ចផ្សព្វផ្សាយព្រះធម៌។ប្រើប្រាស់វេទិកាសាសនា ជាពិសេសកម្មវិធី "នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម" ដើម្បីបញ្ជ្រាបការយល់ដឹងដល់ពុទ្ធបរិស័ទ និងផ្តោតលើការអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ ដែលជាបញ្ហាប្រឈមចំពោះមុខ។
ឯកឧត្តមអភិបាលខេត្តតាកែវជឿជាក់ថា កាលណាប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់តាមរយៈការអប់រំផ្នែកពុទ្ធសាសនា វានឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការកាត់បន្ថយបទល្មើសផ្សេងៗ និងបង្កើននូវសីលធម៌រស់នៅ។ សកម្មភាពទាំងនេះមិនត្រឹមតែជួយឱ្យខេត្តតាកែវ មានសណ្តាប់ធ្នាប់ល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ អ៊ុច សៀង





